បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានទាមទារចង់បានប្រាក់ពលកម្មលើសខ្សែប្រយុទ្ធ Robert Lewandowski បើ Barcelona ចង់ឱ្យគាត់បដិសេធក្លិប Al-Hilal របស់ អារ៉ាប៊ីសាអ៊ូឌីត ហើយត្រឡប់មកកាន់ទឹកដី អេស្ប៉ាញ ដែលជាទ្រនំចាស់វិញ, នេះបើយោងតាមប្រភពចុះផ្សាយនៅបរទេស។

Messi ទំនងនឹងមិនបន្តកុងត្រាថ្មីជាមួយ PSG នោះទេ ដោយកុងត្រារបស់គាត់នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះហើយ ហើយស្របពេលជាមួយគ្នានេះ Barcelona កំពុងតែត្រៀមឆ្មក់ឱកាសចង់យកខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ត្រឡប់ទៅវិញផងដែរ។
ចំណែកក្លិប Al-Hilal របស់ អារ៉ាប៊ីសាអ៊ូឌីត វិញ ពួកគេក៏កំពុងចង់បាន M30 ខ្លាំងផងដែរ ដោយពួកគេហ៊ានឱ្យប្រាក់ពលកម្មទៅខ្សែប្រយុទ្ធរូបនេះក្នុងមួយឆ្នាំរហូតដល់ទៅ ៤០០ លានអឺរ៉ូ ឬប្រមាណជា (៤៣៣ លានដុល្លារអាមេរិក) ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ Messi ហាក់មានបំណងចង់ត្រឡប់ទៅទ្រនំចាស់ Barca វិញច្រើនជាង ប៉ុន្តែយោងតាមការចុះផ្សាយរបស់កាសែត El Nacional បានឱ្យដឹងថា Messi គឺមានទាមទារលក្ខខណ្ឌមួយ ដោយគាត់ទទូចចង់បានប្រាក់ឈ្នួលឱ្យលើស Lewandowski ដែលនៅឆ្នាំ ២០២៤ ខាងមុខ គឺខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ នឹងទទួលបាន ១៦ លាន អឺរ៉ូ ឬប្រមាណជា (១៧ លានដុល្លារអាមេរិក), ដូច្នេះបើចង់ឱ្យ M30 ត្រឡប់មកវិញ យ៉ាងហោចណាស់ក្នុងមួយឆ្នាំខ្សែប្រយុទ្ធម្ចាស់ពាន Ballon dÓr ៧ សម័យ ក៏នឹងទទួលបាន ១៧ លានអឺរ៉ូ ឬប្រមាណជា (១៨ លានដុល្លារអាមេរិក) ដែរ។

ប្រភព៖ Sportskeeda