បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Manchester City និង Barcelona កីឡាករ Sergio Aguero ត្រូវបានគេរាយការណ៍ថា ឥឡូវនេះលោកកំពុងហ្វឹកហាត់ជាមួយអតីតក្លិបរបស់គាត់មួយ បន្ទាប់ពីត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចូលលេងបាល់ទាត់បានវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រឡប់ទៅកាន់ឆ្នាំ ២០២១ វាគឺជាពេលវេលាដ៏សោកសៅបំផុតនៅក្នុងអាជីពរបស់ Aguero បន្ទាប់ពីគាត់ចាកចេញពី Man City ផ្លាស់ទៅកាន់ Barcelona ហើយលេងនៅទីនោះបានត្រឹមតែប៉ុន្មានខែ គាត់ក៏ត្រូវបង្ខំចិត្តចូលនិវត្តន៍ពីបាល់ទាត់ភ្លាមៗ ដោយសារតែមានបញ្ហាបេះដូងលោតខុសប្រក្រតី។

ក្រោយសម្រាកពីបាល់ទាត់អស់រយៈពេលជាង ២ ឆ្នាំ ថ្មីៗនេះនៅក្នុងការផ្សាយបន្តផ្ទាល់មួយនៅលើទំព័រ Twitch Aguero ស្រាប់តែបានទូរស័ព្ទទៅកាន់គ្រូពេទ្យឯកទេស ដែលជាអ្នកមើលការខុសត្រូវលើបេះដូងរបស់គាត់ ដោយបានសួរថា តើគាត់អាចចូលលេងបាល់ទាត់វិញបានឬអត់? ហើយភ្លាមនោះគ្រូពេទ្យបានឆ្លើយមកវិញ អមជាមួយដំណឹងល្អថា ឥឡូវនេះគាត់អាចចូលលេងបាល់បានវិញហើយ តែគាត់អាចបានក្នុងរយៈពេលខ្លី។
ដោយឡែកថ្មីៗនេះយោងតាមការចុះផ្សាយដោយវិទ្យុ DSports Radio បានឱ្យដឹងថា Aguero នឹងត្រឡប់ទៅហ្វឹកហាត់នៅអតីតក្លិបចាស់របស់គាត់ Independiente ដើម្បីតេស្តពីសុខភាពរបស់គាត់ ថាតើគាត់អាចចូលលេងបាល់ទាត់វិញបានឬអត់?
ជាមួយគ្នានេះ Aguero ក៏បានបង្ហើបផងដែរ ថាបើគេអាចលេងបាល់បានវិញ ហើយបើមានការស្វាគមន៍ពីលោក Carlo Tevez ដែលជាប្រធានក្លិប Independiente ខាងលើ នោះលោកនឹងលេងនៅទីនោះដើម្បីបន្តអាជីពរបស់ខ្លួនទៀត៕

ប្រភព៖ Sportbible