ក្រុមហ៊ុន Zhengzhou Chen’s Sun ចាប់អារម្មណ៍វិនិយោគដំណាំធុរេនកែច្នៃ នាំចេញមកកាន់ទីផ្សារប្រទេសចិន

//s9.kh1.co/3c/3cf35409ef7b7ffb365a488bf2462477b4997e65.png
Khmerhome

 ០៧-វិច្ឆិកា-២០២៤ ៨ព្រឹក · ៧ ខែមុន

លោកស្រី Xuemei Chen ប្រធាននិងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun មានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=433,q=100/84/8460e42eb4dabc8c9d2799a59ff907f6602d03d4.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យូណាន៖ លោកស្រី Xuemei Chen ប្រធាននិងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun មានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត។

តាមការបង្ហាញចំណាប់អារម្មណ៍វិនិយោគលើដំណាំធុរេននៅកម្ពុជា របស់ លោកស្រី Xuemei Chen បានជួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

បើតាមជំនួបនេះ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រីប្រធានក្រុមហ៊ុន បានជម្រាបជូន សម្ដេចធិបតីថា ធ្លាប់មកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថាកម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។

លោកស្រី បានគូសបញ្ជាក់ថា មានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជននៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំធុរេននៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ។

គូសបញ្ជាក់ថា ក្រុមហ៊ុន Zhengzhou Chen's ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ ការលក់ដុំ និងទីផ្សារលក់រាយ ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T