ប្រដាល់៖ កីឡាករប្រដាល់ថៃ Dan Siam បានលើកឡើងថា រូបគេគឺស្វាគមន៍នឹងដាក់ខ្សែក្រវាត់ Red Knock Out ដែលគាត់ទើបតែដណ្តើមបានថ្មីៗនេះ ឱ្យអ្នកប្រដាល់កម្ពុជា អេ អាំម៉ារីនភូថង ចូលមកដណ្តើម ប្រសិនបើមានការរៀបចំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីថ្ងៃទី ១ ខែ ធ្នូ ម្សិលមិញនេះ Dan Siam ទើបតែដណ្តើមបានខ្សែក្រវាត់ Red Knock Out មួយគ្រឿង បន្ទាប់ពីរូបគេបានយកឈ្នះលើកីឡាករម្ចាស់ផ្ទះ ជប៉ុន Ryotaro ដោយផ្តួលឱ្យសន្លប់តាមរយៈការប្រើជង្គង់។
បន្ទាប់ពីឈ្នះខ្សែក្រវាត់នេះភ្លាម Dan Siam ត្រូវបានអ្នកសារព័ត៌មានសួរនាំ ថាតើរូបគេចង់ដាក់ខ្សែក្រវាត់នេះឱ្យអតីតដៃគូចាស់ អេ អាំម៉ារីន ចូលមកដណ្តើមដែរឬទេ? ហើយភ្លាមនោះរូបគេក៏បានឆ្លើយទៅវិញដោយមិនស្ទាក់ស្ទើថា រូបគេគឺចង់ដាក់ខ្សែក្រវាត់នេះឱ្យ អាំម៉ារីន ចូលមកដណ្តើម ប្រសិនបើមានការរៀបចំជំនួបនេះ។
យ៉ាងណាមិញ ជុំវិញជំនួបលើកទី ២ រវាងអ្នកទាំង ២ ទំនងជានឹងអាចមានភាគរយខ្ពស់ថានឹងអាចកើតឡើងបានមែន បន្ទាប់ពីលោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ Town បានចូលទៅបញ្ចេញមតិនៅក្នុងទំព័រ Facebook ក្នុងស្រុកមួយថា "កុំភ័យសមរភូមិមួយនេះ ដេនស្យាម រត់មិនរួចទេ ពេលវេលាកាលបរិច្ឆេទ បានរៀបចំទុកអស់ហេីយ"។
គួររម្លឹកថា កាលពីជំនួបលើកទី ១ ដែលធ្វើឡើងកាលពីដើមខែ សីហា ឆ្នាំ ២០២៤ កន្លងទៅ គឺ អាំម៉ារីន បានយកឈ្នះលើ Dan Siam ដោយផ្តួលឱ្យសន្លប់ក្នុងទឹកទី ៤ ដែលជាទឹកបន្ថែម៕