
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ បើតាមទំព័រហ្វេសប៊ុកសម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានបន្តថា នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ ប្រធានាធិបតី លោក Donald Trump បានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។
បន្ថែមលើនេះ លោកប្រធានាធិបតី ក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ ជាការបន្ត សម្ដចធិបតី ដោយបានឱ្យដឹងថា នៅក្នុងអំឡុងពេលដែល សម្ដេចបានសន្ទនាតាមទូរសព្ទជាមួយ លោក Donald Trump កាលពីថ្ងៃទី២៦ និង ២៨ កក្កដាកន្លងទៅនេះ សម្ដេចបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។
នៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើសុំឱ្យ លោក Donald Trump ផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
បើតាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា លោក Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ លោកប្រធានាធិបតី បានប្រាប់សម្ដេចកាលពីថ្ងៃទី២៨ ខែកក្កដាថា នឹងពិនិត្យសម្រេចដោយលោកបានប្រាប់សម្ដេចថានឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះ ទី១ ខែសីហា ឆ្នាំ២០២៥ គឺលោក Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
គួររម្លឹកផងដែរថា ដំបូងឡើយសហរដ្ឋអាម៉េរិក បានដាក់ពន្ធបដិការសម្រាប់កម្ពុជា ៤៩% បន្ទាប់ពីការចរចាបានសម្រេចបន្ថយមក ៣៦% និងពេលនេះបានបន្ថយមក ១៩%។
គួរបញ្ជាក់ថា កម្ពុជាទទួលបានអត្រាពន្ធគយ ១៩% លោក Donald Trump ព្រមានថាសហរដ្ឋអាមេរិកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណាមួយ កម្ពុជា-ថៃ ប្រសិនបើអរិភាពនៅតែបន្ត។ លោក បាននិយាយថា " យើងបានដោះស្រាយវាតាមរយៈពាណិជ្ជកម្ម។ "ខ្ញុំមិនចង់ធ្វើពាណិជ្ជកម្មជាមួយនរណាម្នាក់ដែលសម្លាប់គ្នាទៅវិញទៅមកទេ"។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាប្រធានប្លុកតំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ បានសម្រុះសម្រួលបទឈប់បាញ់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ បានចូលជាធរមានយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង១២ ប៉ុន្តែមុនឈានចូលបទឈប់បាញ់នេះ ភាគីថៃបានបាញ់សន្ធុបមកលើកម្ពុជាប្រៀបបានទៅនឹងទឹកភ្លៀងស្រោចមក ដែលធោធាកម្ពុជា បានលើកឡើងក្រោយពីឈប់បាញ់។ ខណៈនោះ កម្ពុជាបានបញ្ឈប់បាញ់ហើយនូវឡើយតែភាគីថៃនៅតែបន្តបាញ់កម្ពុជាទៀត ដោយបានចោទថាកម្ពុជានៅតែបន្តបាញ់រំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។
ជាក់ស្ដែង ភាគីថៃបានបំប៉ោងព័ត៌មានខុសការពិតជាច្រើនមកលើកម្ពុជា តាំងពីមិនទាន់ប៉ះទង្គិចអាវុធរហូរដល់បាញ់គ្នា ដោយយោធាថៃជាអ្នកចាន់ផ្ដើមមុន កាលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អំឡុងនោះយោធាថៃប្រើយុទ្ធភ័ណ្ឌគ្រប់ប្រភេទប្រហារមកលើកម្ពុជាដើម្បីដណ្ដើមកាន់កាប់តំបន់សំខាន់ៗនៅតាមបន្ទាត់ព្រំដែន ដែលជាអធិបតេយ្យរបស់កម្ពុជា។
បើទោះជា យោធាថៃបើគ្រប់មធ្យោបាយដើម្បីដណ្ដើមកាន់កាប់ដំបន់សំខាន់ៗក៏នៅតែមិនអាចទទួលជ័យជំនះឡើង ពីព្រោះកម្ពុជាមានបទពិសោធន៍ធ្លាប់ឆ្លងកាត់សង្គ្រាម ម្យ៉ាងទៀតយុទ្ធសាស្រ្តរបស់កម្ពុជាមានមេដឹកនាំពូកែក្នុងការដឹកនាំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)