
ភ្នំពេញ៖ គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ៤លាននាក់ ស្របពេលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត ៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ បើតាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២២,៩% ទេសចរជាតិមានចំនួន ២២,៥២លាននាក់ កើនឡើង ២០,១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧លានដុល្លារ ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។ បើតាមលិខិតខាងលើ។
បើតាមលិខិត សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលសុទិដ្ឋិនិយមថាវិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ភាពរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។ ជាការបន្តទៀត នៃលិខិតប្រមុខរាជរដ្ឋាភិបាល។
ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។ ជាការគូសបញ្ជាក់ លិខិតប្រមុខរាជរដ្ឋាភិបាល។
ជាការពិតណាស់ ស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវ វិបត្តិថ្មីៗ ដែលការណ៍នេះ ធ្វើឱ្យយើងបន្តប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជា បន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្ត្រនយោបាយ ដែលកត្តាទាំងនេះបានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាព សកល និងជាពិសេសធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយ គួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់កំណើនទេសចរណ៍ជាសកល និងនៅកម្ពុជាផងដែរ។
បញ្ហាប្រឈមនានាចំពោះមុខ ដកស្រង់នូវមេរៀនពិសោធន៍ក្នុងការជំរុញភាពធន់ និងច្បាមយកនូវរាល់ កាលានុវត្តភាពថ្មីៗ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីធានាចីរភាពនៃកំណើនសេដ្ឋកិច្ច ពង្រីកសក្តានុពល សេដ្ឋកិច្ចជាអតិបរមា ការចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសការទាក់ទាញការវិនិយោគផ្ទាល់ និងទេសចរអន្តរជាតិ ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ ដែលជាចំណែកមួយនៃការទ្រទ្រង់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរជាងមុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)