បដិវត្តន៍ទឹកស្អាតនៅបាត់ដំបង៖ គម្រោងធារាសាស្រ្តទំនើបដោយថាមពលព្រះអាទិត្យរួចរាល់ជិត៩០ភាគរយ

//s9.kh1.co/77/77fc500c28153a45b5767337f43d9dcac320915f.png
Khmerhome

 ២៧-មីនា-២០២៦ ១០ព្រឹក · ៨ ថ្ងៃមុន

កសិករនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ជិតបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពបច្ចេកវិទ្យាខ្ពស់ហើយ ខណៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រសហគមន៍កសិកម្មតាសីសាមគ្គី បានឈានដល់ដំណាក់កាលបញ្ចប់ ៨៨% នៃដីការដ្ឋានសរុប។ នេះបើតាមលទ្ធផលនៃការចុះពិនិត្យផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងធនធានទឹក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

https://s9.kh1.co/__image/w=650,h=342,q=100/77/77fc500c28153a45b5767337f43d9dcac320915f.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាត់ដំបង៖ ក្រោមការឧបត្ថម្ភថវិកាពីធនាគារពិភពលោក គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសហគមន៍កសិកម្មតាសីសាមគ្គី កំពុងឈានចូលដំណាក់កាលបញ្ចប់ បន្ទាប់ពីសម្រេចបានជោគជ័យជាង ៨៨ ភាគរយ។ គម្រោងនេះមិនត្រឹមតែជាការពង្រឹងសន្តិសុខទឹកសម្រាប់ប្រជាកសិករក្នុងឃុំតាម៉ឺន ស្រុកថ្មគោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការផ្លាស់ប្តូរវិស័យកសិកម្មកម្ពុជាឆ្ពោះទៅកាន់បច្ចេកវិទ្យាបៃតង និងនិរន្តរភាព។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់នៅទីតាំងគម្រោង កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា គម្រោងនេះមានលក្ខណៈពិសេសដោយរួមបញ្ចូលទាំងប្រព័ន្ធធារាសាស្ត្រទំនើប ដែលពឹងផ្អែកលើថាមពលកកើតឡើងវិញ ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែង និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

បើតាមរបាយការណ៍បច្ចេកទេស គម្រោងនេះរួមមានការងារសំខាន់ៗចំនួន ៧ រួមមាន៖ ការពង្រឹងគុណភាពស្រះទឹកចំណុះ ១កន្លែង ការជីកស្រះទឹកថ្មី ១កន្លែង ការដំឡើងប្រព័ន្ធទុយោស្រោចស្រពប្រវែងជិត ១០គីឡូម៉ែត្រ ការខួងអណ្តូងនិងបំពាក់ម៉ូទ័រដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៦កន្លែង ការដំឡើងម៉ូទ័រជំរុញទឹកដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៤កន្លែង ព្រមទាំងការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង (ក្នុងនោះ ២កន្លែងជាស្ថានីយបូមទឹកបណ្តែត)។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Diversification Project) ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក (World Bank)។ 

ការសម្រេចបានជោគជ័យជាង ៨៨ភាគរយនៃគម្រោងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រសួងធនធានទឹក និងឧតុនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

នៅពេលបញ្ចប់ទាំងស្រុង គម្រោងនេះនឹងក្លាយជាប្រព័ន្ធធារាសាស្រ្តគំរូមួយ ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់រដូវកាល និងជួយបង្កើនទិន្នផលកសិកម្មដល់ប្រជាកសិករក្នុងតំបន់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕ឮ

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T