អេស្ប៉ាញ៖ ក្រោយលីគកំពូលអេស្ប៉ាញបើកការប្រកួតសារជាថ្មី ក្រុមអធិរាជស Real Madrid បានបង្ហាញខ្លួនយ៉ាងល្អដោយបានយកឈ្នះលើក្រុម Eibar ក្នុងលទ្ធផល ៣ទល់នឹង១ តែទោះជាយ៉ាងនេះក្តីលទ្ធផលនេះមិនបានធ្វើឲ្យគ្រូធំលោក Zinedine Zidane សប្បាយចិត្តនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅតង់ទី១ក្រុម Real Madrid បាននាំមុខលើ Eibar ៣-០ គ្រូបង្វឹករូបនេះហាក់មិនសប្បាយចិត្តជាមួយនឹងកង្វះការយកចិត្តទុកដាក់របស់កូនក្រុម ដោយហាក់បន្ធូរដៃឲ្យគូប្រកួត ព្រមទាំងបង្ហាញការមិនខំប្រឹងប្រយុទ្ធនៅតង់ទី២ ដែលធ្វើឲ្យគូប្រកួតតាមបាន១គ្រាប់ដែលធ្វើឲ្យលទ្ធផលមានការប្រែប្រួល ។

Zidane បានពោលពាក្យទៅកាន់កូនក្រុមក្រោយចប់ការប្រកួត ដោយបង្កប់អត្ថន័យមិនសប្បាយចិត្តបែបនេះថា៖ "អ្វីៗគ្រប់យ៉ាងនៅតង់ទី១គឺល្អប្រសើរណាស់ យើងបាននាំមុខ ៣-០ ម្លោះហើយនៅតង់ទី២យើងប្រហែលជាបានបន្ធូរដៃឲ្យគូប្រកួត (មិនខំប្រឹង)"។

លទ្ធផលប្រែប្រួលដោយក្រុមគូប្រកួតតាមបានគ្រាប់បាល់នៅតង់ទី២នេះ ក៏ធ្លាប់កើតឡើងរួចហើយដែរ ក្នុងប្រកួតទល់នឹង Levante ក៏ដូចជាទល់នឹងក្រុម Granada កាលពីដើមរដូវកាល ដែលកាលនោះ តង់ទី១លទ្ធផល ៣-០ នៅតង់ទី២គូប្រកួតតាមបាន ៣-២ ។
គួររំលឹកផងដែរថា នៅប្រកួតបន្ទាប់ Real Madrid នឹងត្រូវជួបក្រុមខ្លាំងដូចជា Valencia និង Real Sociedad ដូច្នេះហើយទើប Zidane ចង់ឲ្យកូនក្រុមរបស់ខ្លួនកាន់តែផ្តោតអារម្មណ៍ខ្លាំងនៅតង់ទី២ ជៀងវាងមានការថ្លោះធ្លោយណាមួយកើតឡើង៕




ប្រភព៖ marca




