Klopp ថាមួយ​​គ្រាប់​​របស់ ​Fulham​ សុទ្ធ​​ចូល​​កូន​​ក្រុម​​ខ្លួន​ពី​​យប់​​មិញ​ជា ​«គ្រាប់​​មិន​ត្រឹម​ត្រូវ»

//s9.kh1.co/db/db59e1274c975fe4317e1a52198251a6b3a50153.jpg
បាល់ទាត់

 ១៤-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

អ្នកចាត់ការទូទៅនៃក្លិបហង្សក្រហម Liverpool លោក Jorgen Klopp បានបញ្ចេញមតិថា គ្រាប់យប់មិញដែលសមាជិក Fulham សុទ្ធបញ្ចូលទីកូនក្រុមខ្លួន គឺជាគ្រាប់មិនត្រឹមត្រូវ ព្រោះបានបង្កកំហុសលើខ្សែប្រយុទ្ធ Mohamed Salah ជាមុន។

អង់គ្លេស៖ ការប្រកួតប្រចាំសប្តាហ៍ទី ១២ នៃក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) ក្លិបការពារតំណែង​ជើងឯក Liverpool បានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុជាមួយក្លិបម្ចាស់ផ្ទះ Fulham កាលពីយប់មិញនេះ។ ទោះយ៉ាងណា ក្រោយបញ្ចប់ការប្រកួតលោក Jorgen Klopp បានបញ្ចេញមតិខ្លួនរិះគន់ថា គ្រាប់ទាត់បញ្ចូលទីកូនក្រុមរបស់​លោក​មិនសក្តិសមនឹងផ្តល់ឲ្យនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jorgen Klopp អ្នកចាត់ការទូទៅក្លិប Liverpool
លោក Jorgen Klopp អ្នកចាត់ការទូទៅក្លិប Liverpool

ក្នុងការប្រកួតខាងលើ ក្លិបម្ចាស់ផ្ទះ Fulham បានបើកការនាំមុខតាំងពីនាទី ២៥ ដោយកីឡាករ Bobby Reid ខណៈភ្ញៀវបានវាយបកត្រឡប់តាមស្មើរវិញយ៉ាងប្រផិតប្រផោយនៅនាទី ៨០ ដោយបាល់ពិន័យ ១១ ម៉ែត្រ និង​សម្រេចបញ្ចូលទីដោយកីឡាករ Mohamed Salah ។ 

ទោះបីបានមួយពិន្ទុក្នុងដៃក្តី តែអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់របស់ក្លិប Liverpool បានបញ្ចេញ​មតិមិនពេញ​ចិត្តនឹងការសម្រេចផ្តល់គ្រាប់បាល់ទី ១ របស់មន្ត្រីអាជ្ញាកណ្តាល ក្រោយបញ្ចប់ការប្រកួតថា៖   ៉ តើខ្ញុំអាចសួរ​ពី​គំនិតអ្នកទាំងអស់គ្នាទេ? យ៉ាងណាក៏ដោយ! ខ្ញុំដឹងថាពួកយើងមិនអាចកែប្រែលទ្ធផលបាននោះ​ទេ។ តែការពិត! ខ្ញុំគិតថាវាច្បាស់ណាស់គឺជាកំហុស។ វាមិនដល់កម្រិតផ្តល់កាតលឿង ឬកាតក្រហមនោះទេ ប៉ុន្តែកីឡាកររបស់ Fulham បានរុញ និងប៉ហះ Mohamed Salah ឲ្យដួល មុននឹងការទាត់បញ្ចូលទីពួកយើង។ ខ្ញុំគិតថា ត្រង់​ចំណុចនេះអាជ្ញាកណ្តាលគួរផ្លុំកញ្ចែរជាមុនសិន។ ខ្ញុំដឹងថាមិនអាចផ្លាស់ប្តូរលទ្ធផល តែខ្ញុំគ្រាន់តែដឹង​ថាវាពិតជាកំហុសពិតមែន។  ៉ 

កីឡាករ Bobby Reid ដែលទាត់បញ្ចូលទី Liverpool 
កីឡាករ Bobby Reid ដែលទាត់បញ្ចូលទី Liverpool 

ក្រោយបញ្ចប់សប្តាហ៍ទី ១២ Liverpool បានបន្តឈរលេខរៀងទី ២ បណ្តោះអាសន្ន ដោយមាន ២៥ ពិន្ទុ ខណៈ​សប្តាហ៍​បន្ទាប់​ត្រូវតតាំងជាមួយក្លិបកំពុងឈរកំពូលតារាង Tottenham Hotspur ៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T