អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានលើកឡើងថា លោកកំពុងតែពិចារណាប្រគល់តួនាទីឲ្យ អ្នកចាំទី Ederson ជាអ្នកទាត់បាល់ប៉េណាល់ទីវិញម្តង បន្ទាប់ពីខ្សែបម្រើ Ilkay Gundogan ស៊ុតបាល់ពិន័យមួយនេះមិនចូលកាលពីយប់មិញក្នុងជំនួបទល់នឹង Liverpool។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅយប់មិញ Man City ទទួលបានបាល់ពិន័យប៉េណាល់ទីនៅក្នុងនាទីទី៣៧ បង្កើតឱកាសដោយ Raheem Sterling ប៉ុន្តែ Gundogan បែរជាទាត់ហោះឡើងទៅលើទៅវិញ។ យ៉ាងណាក្តី លទ្ធផលចុងក្រោយ Man City នៅតែបន្តភាពខ្លាំងរបស់ខ្លួនយកឈ្នះ Liverpool ក្នុងលទ្ធផល ៤ទល់នឹង១។

ងាកមកមើលបញ្ហាចោទ នៅក្នុងរដូវកាលនេះ លោក Pep បានប្រើប្រាស់កីឡាករបួនរូបផ្សេងៗគ្នាដើម្បីទាត់បាល់ប៉េណាល់ទីដូចជា Kevin De Bruyne, Raheem Sterling, Gabriel Jesus និង Gundogun ហើយ ចំនួនបាល់ប៉េណាល់ទីដែលពួកគេទទួលបាននៅក្នុងរដូវកាលនេះ គឺ បួនដង និង មិនអាចស៊ុតបញ្ចូលទីបីដងបាត់ទៅហើយ។
លោក Pep បាននិយាយថា៖
ការទាត់បាល់ប៉េណាល់ទីមិនចូល គឺ ជាបញ្ហាដែលយើងកំពុងមាននៅពេលនេះ។ នៅក្នុងការប្រកួតដ៏សំខាន់ គឺ យើងមិនអាចភ្លាត់បានឡើយ។ ជាថ្មីម្តងទៀត ខ្ញុំកំពុងពិចារណាជ្រើសយក Ederson គាត់អាចនឹងក្លាយជាអ្នកបាល់ប៉េណាល់ទីវិញម្តងនៅលើកក្រោយ៕


ប្រភព៖ goal