សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងថា ក្រោយពីប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយកខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ដែលមានកម្មវិធីតាមទីតាំងដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់
- ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ
- ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន
- ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ
- ស្រុកបន្ទាយស្រី មាន ០៥ទីតាំង ទីតាំងទី១-តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់, ទី២-អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី, ទី៣-បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម, ទី៤-បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចខាងក្រោម៖ ការប្រឡងចម្រៀង រាំលែងកម្សាន្ត និងរាំវង់ស្គរដៃ, ទស្សនាការសម្ដែងសិល្បៈ និងរបាំប្រជាប្រិយ, ទស្សនាស្ដង់លក់ទំនិញ និងម្ហូបអាហារ, ទស្សនាការបាញ់កាំជ្រួចអបអរសាទការឆ្លងឆ្នាំសកលនៅយប់ថ្ងៃទី៣១ ធ្នូ, ជិះគោយន្តសហគមន៍ ឆ្ពោះទៅលេងព្រៃសហគមន៍ និងឡើងភ្នំគយគន់ថ្ងៃអស្ដង្គត ។ល។
យ៉ាងណាមិញ រដ្ឋបាលខេត្ត ក៏សូមទទូចស្នើសុំដល់បងប្អូនអ្នកធ្វើដំណើរកំសាន្ត ជាពិសេសម្ចាស់តាមទីកន្លែងស្នាក់នៅ អាហារដ្ឋាន សូមយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការ ៣កុំ៣ការពារ និងស្តង់ដារអប្បរមានៃវិធានសុវត្ថិភាពទេសចរណ៍៕















ប្រភព៖ រដ្ឋបាលខេត្តសៀមរាប