យល់ដឹង៖ ការនឹកផ្ទះគឺជាអារម្មណ៍ពីធម្មជាតិមួយ ពិបាកពណ៌នាប្រាប់នរណាម្នាក់បាន នៅពេលដែលយើងបានចាកចេញទៅរស់នៅដោយឯករាជ្យ សិក្សានៅបរទេស ឬឡើងមករៀន ឬធ្វើការនៅទីក្រុងតែម្នាក់ឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ នៅពេលដែលអ្នកនឹកផ្ទះ អ្នកអាចសម្រាកពីការងារ ឬការសិក្សា ត្រលប់ទៅលេងផ្ទះបាន ប្រសិនបើមានពេលទំនេរ។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានពេលច្រើនក្នុងការត្រលប់ទៅជួបជុំគ្រួសារទេ ពួកគេច្បាស់ជាជ្រើសយក ការប្រើប្រាស់បណ្តាញសង្គមដើម្បីទាក់ទង ព្រោះបច្ចុប្បន្ននេះ យើងអាចវីដេអូមើលមុខគ្នាបានយ៉ាងងាយស្រួល។
យ៉ាងណាមិញ ប្រសិនបើបានទាក់ទងទៅជជែកជាមួយអ្នកផ្ទះហើយ នៅតែមិនអាចបាត់នឹកផ្ទះ អ្នកអាចមកសាកប្រើគន្លឹះខ្លះៗខាងក្រោមនេះបាន ដើម្បីជួយអ្នកឲ្យកាត់បន្ថយអារម្មណ៍នេះបានយ៉ាងឆាប់រហ័ស៖
១.ត្រៀមចិត្តថាច្បាស់ជានឹកផ្ទះ
ដំបូងអ្នកត្រូវយល់ថា ការនឹកផ្ទះគឺជាបាតុភូតផ្លូវចិត្តធម្មជាតិដែលកើតឡើងចំពោះមនុស្សភាគច្រើន។ អ្នកមិនចាំបាច់ខ្មាសអៀនទេ នៅពេលអ្នកនឹកឪពុកម្តាយ ក្រុមគ្រួសារ ឬមិត្តភ័ក្តិរបស់អ្នក ហើយចង់ត្រលប់ទៅផ្ទះវិញ។ ជំនួសមកវិញ ទុកពេលឲ្យខ្លួនឯងធ្វើចិត្តបាន ដោយអនុញ្ញាតឲ្យអារម្មណ៍របស់អ្នក ចេញមកតាមបែបធម្មជាតិ កុំបង្ខំ។ បន្ទាប់ពីនោះ បន្តិចម្តងៗអ្នកនឹងទទួលបានការស្រណុកចិត្ត ហើយចាប់ផ្ដើមជីវិតថ្មីបាន។ អ្នកអាចចែករំលែកអារម្មណ៍នឹករបស់អ្នក ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីទទួលបានការលើកទឹកចិត្ត។

២.យករបស់អនុស្សាវរីយ៍ទៅជាមួយ
នៅពេលអ្នកផ្លាស់ទីទៅកន្លែងថ្មី សូមនាំយកវត្ថុដែលធ្លាប់ស្គាល់ដែលជាអនុស្សាវរីយ៍ពីផ្ទះចាស់របស់អ្នកមកជាមួយបាន។ វាអាចជារូបថតគ្រួសារ ឬតុក្កតាដែលអ្នកតែងតែគេងឳបរាល់យប់។ របស់ទាំងនេះ នឹងជាឱសថផ្លូវចិត្តដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍សុវត្ថិភាព ជួយអ្នកកាត់បន្ថយភាពចម្លែកនៅពេលមកដល់បរិយាកាសថ្មី។
៣.ស្វែងរកកន្លែងថ្មីដែលអ្នកចូលចិត្តក្នុងការរស់នៅ
ពេលមកដល់កន្លែងថ្មីរបស់អ្នក ចូរស្វែងរកខ្លួនអ្នកនូវជ្រុងតូចមួយដែលអ្នកចូលចិត្ត ដែលស្រដៀងនឹងផ្ទះរបស់អ្នក។ មនុស្សមួយចំនួន អាចមានលទ្ធភាពទិញសាឡុងដែលមានអារម្មណ៍ដូចជាសាឡុងនៅផ្ទះ ហើយឆុងកាហ្វេមួយពែងជាមួយនឹងរសជាតិដែលធ្លាប់ញ៉ាំហើយអង្គុយបន្ធូរអារម្មណ៍ វានឹងជួយអ្នកឲ្យចេះសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់អ្នកកាន់តែងាយស្រួល។
៤.ធ្វើខ្លួនឲ្យរវល់
ប្រសិនបើអ្នកនឹកផ្ទះហើយមិនមានពេលទៅលេងផ្ទះ អ្នកគួរតែក្រោកឡើង ហើយធ្វើអ្វីមួយ។ អ្នកអាចរៀបចំផែនការធ្វើ លំហាត់ប្រាណ ទៅហាងកាហ្វេ ឬធ្វើម្ហូប ដោយព្យាយាមបន្តកិច្ចការទាំងនេះ រក្សាខ្លួនអ្នកឲ្យរវល់ និងសកម្មបំផុត។ កត្តាទាំងនេះនឹងជួយអ្នក កម្ចាត់ការនឹកផ្ទះបានយ៉ាងឆាប់រហ័ស។
៥.បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ
អ្នកអាចចូលរួមតាមក្រុម ឬថ្នាក់មានប្រយោជន៍ណាមួយដែលអ្នកចូលចិត្ត វានឹងអាចក្លាយជាឱកាសមួយសម្រាប់អ្នកងាយស្រួលក្នុងការបង្កើតទំនាក់ទំនងថ្មី និងបញ្ចូលទៅក្នុងវប្បធម៌ក្នុងតំបន់ ជាមួយមនុស្សតាមប្រភេទផ្សេងៗបាន។
៦.បើកចិត្តឲ្យទូលាយទទួលយកជីវិតថ្មី
ពេលនឹកផ្ទះ ប្រព័ន្ធផ្សព្វផ្សាយសង្គមជួយឲ្យអ្នករក្សាទំនាក់ទំនងជាមួយគ្រួសាររបស់អ្នកបានយ៉ាងឆាប់រហ័ស និងបន្តធ្វើបច្ចុប្បន្នភាពអំពីជីវិតរបស់ពួកគាត់បាន។ ប៉ុន្តែដំបូន្មានគឺថា អ្នកគួរកំណត់ការប្រើអ៊ីនធើណេត ហើយត្រូវចេញទៅជួប និងបង្កើតមិត្តភាពជាមួយមនុស្សថ្មី។ អ្នកនឹងមិនដឹងទេថា អ្នកនឹងជួបអ្នកណានោះទេ ប្រសិនបើអ្នកគ្រាន់តែនៅផ្ទះ ហើយកាន់តែទូរស័ព្ទ។ សូមកុំឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមរារាំងអ្នកក្នុងការធ្វើអ្វីមួយឲ្យសោះ។ ក្រោកឈរឡើង ហើយទទួលយកអ្វីដែលថ្មី ព្រោះអ្នកគឺជាមនុស្សម្នាក់ដែលសម្រេចចិត្តធ្វើវាដោយខ្លួនឯង។

ប្រភព៖ lifestyle.zingnews




