ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ កម្ពុជាត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ ក្នុងសន្និសីទសារព័ត៌មានអំពីអន្ទាក់សូន្យ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៧ ក្នុងនោះរួមមានទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២៖ អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣៖ ពង្រឹងការអនុវត្តច្បាប់, ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស និងទី៦៖ អប់រំផ្សព្វផ្សាយ ទី៧៖ សិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។ តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាននិងអង្គការដៃគូ បានរកឃើញថាដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប (តំបន់ព្រៃឡង់) និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល៕







