ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ បានចាប់ផ្តើមហើយ ដែលមានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦។

គួរឱ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ខណៈពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕
