បរទេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណា ផ្ទេរយកខ្សែបម្រើ Joshua Kimmich មកជំនួស កីឡាករ Ilkay Gundogan ។

Kimmich ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាខ្សែបម្រើដ៏ល្អឥតខ្ចោះមួយរូប ក្នុងពិភពបាល់ទាត់ តាំងពីរូបគេបង្ហាញខ្លួនក្នុងក្រុមឈុតធំ Bayern Munich ជាលើកដំបូង កាលពីឆ្នាំ២០១៥មក។
យ៉ាងណាមិញ ខ្សែបម្រើ Gundogan ក៏កៀកនឹងចាកចេញពី Man City នាដំណាច់រដូវកាលនេះ ផងដែរ ខណៈ Kimmich អាចនឹងជាបេក្ខភាពជំនួសខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ នៅទឹកដី Etihad នេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Sun ។

ទន្ទឹមនឹងនេះ Kimmich ក៏អាចជាផ្នែកមួយ នៃកិច្ចព្រមព្រៀងផ្ទេរយក Joao Cancelo ជាអចិន្ត្រៃយ៍ផងដែរ ក៏ព្រោះមានដំណឹងលេចឮមកថា Bayern មិនត្រូវរូវតម្លៃ៦០លានផោន ដែល Man City ទាមទារសម្រាប់តម្លៃខ្លួន Cancelo ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនមានតែ Man City ទេ ដែលចង់បាន Kimmich ក្នុងនោះក្លិបយក្សតំបន់កាតាឡាន់ Barcelona ក៏មានបំណងផ្ទេរយកខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ មកទឹកដី Camp Nou ផងដែរ ៕
ប្រភព៖ AF