កម្ពុជា៖ ពិធីករដ៏ល្បីឈ្មោះរបស់ UFC លោក Andrew Whitelaw បានបង្ហោះសារចង់ឃើញអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ជួបគ្នាជាមួយកីឡាករព្រំ សំណាង ដើម្បីស្វែងរកថាតើ នរណាដែលជាស្តេចប្រដាល់ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ចាប់តាំងពីរជ្ជកាលរបស់លោកគ្រូ អេ ភូថង មក មកដល់ពេលនេះនៅកម្ពុជាយើងគឺមិនទាន់រកឃើញស្តេចប្រដាល់ជំនាន់ថ្មីនាសម័យនេះនៅឡើយនោះទេ ទោះបច្ចុប្បន្នប្រដាល់គុនខ្មែររបស់យើងកំពុងរីកផុសផុលខ្លាំង និងមានកីឡាករជាច្រើន ដែលកំពុងមានសមត្ថភាពលេចធ្លោរខ្លាំងក៏ដោយ។
ប៉ុន្តែបើយើងក្រឡេកមកមើលធឿន ធារ៉ា និងព្រំ សំណាងវិញ ឥឡូវនេះពួកគេទាំង ២ កំពុងក្លាយជាកីឡាករ ដែលទទួលបានប្រជាប្រិយភាពខ្លាំងជាគេពីសំណាក់អ្នកគាំទ្រនៅកម្ពុជា ហើយថ្មីៗនេះស្រាប់តែមានពាក្យចចាមអារ៉ាមថា អ្នកទាំងអាចនឹងត្រូវតតាំងគ្នានៅលើសង្វៀនប្រដាល់។ ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងខាងលើនេះ យើងគឺមិនទាន់ដឹងថាជាព័ត៌មានពិត ឬមិនពិតនោះទេ ដូច្នេះយើងមានតែរង់ចាំមើលទាំងអស់គ្នាសិន។

ទន្ទឹមនឹងប្រធានបទក្តៅខាងលើ ថ្មីៗនេះពិធីករលោក Whitelaw បានបង្ហោះសារនៅលើគណនី IG របស់ខ្លួន អមជាមួយរូបរបស់ ធារ៉ា និងសំណាងយ៉ាងដូច្នេះថា៖
ខ្ញុំមិនដឹងនោះទេ ថារឿងនេះពិតឬមិនពិត ប៉ុន្តែការប្រកួតនេះគួរតែកើតមានឡើង ដើម្បីស្វែងរកថាតើនរណាដែលជាស្តេចនៃគុនខ្មែរពិតប្រាកដនៅក្នុងប្រទេសកម្ពុជានាពេលឥឡូវនេះ។
