បរទេស៖ លោកគ្រូពេជ្រ សុផាន់ គ្រូបង្វឹក និងជាម្ចាស់ក្លិបគុនខ្មែរពេជ្រ សុផាន់ បានលើកឡើង ថាបច្ចុប្បន្នកីឡាករទម្ងន់ ៦០ គីឡូក្រាមនៅក្នុងប្រទេសកម្ពុជាទាំងអស់ គឺមានតែកីឡាករ ២ នាក់ប៉ុណ្ណោះ ដែលសក្តិសមឡើងប្រកួតជាមួយក្របីព្រៃពេជ្រ សម្បត្តិ ហើយធ្វើឱ្យកក្រើកដល់អ្នកទស្សនាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាមួយរយៈចុងក្រោយនេះកីឡាករស្បែកតាន់វាយមិនចេះឈឺរហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ គឺកំពុងឡើងដៃខ្លាំងមែនទែន ជាក់ស្តែងថ្មីៗនេះរូបគេទើបតែបានយកឈ្នះលើកីឡាករធន់ វណ្ណា នៅសង្វៀន ទ.ទ.ក និងដណ្តើមបានខ្សែក្រវាត់គ្រុឌមួយគ្រឿងទៀត ដែលជាខ្សែក្រវាត់ទី ៣ នៅក្នុងអាជីពខ្លួន។
ទន្ទឹមនឹងការឡើងសមត្ថភាពខ្លាំង និងល្បីថាវាយមិនចេះឈឺបែបនេះហើយ គឺបានធ្វើឱ្យអ្នកប្រដាល់ក្នុងស្រុក និងក្រៅស្រុកមួយចំនួន បានបង្ហាញមហិច្ចតាចង់ប៉ះ និងចង់ផ្តួលកីឡាករដែលមានដើមកំណើតមកពីខេត្តកំពុងស្ពឺរូបនេះជាខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតាមរយៈការលើកឡើងរបស់លោកគ្រូពេជ្រ សុផាន់បានឱ្យដឹងថា បច្ចុប្បន្នកីឡាករក្នុងប្រភេទទម្ងន់ ៦០គ.ក គឺមានតែឈុត សេរីវ៉ាន់ថង និងឃីម បូរ៉ា ប៉ុណ្ណោះ ដែលមានសមត្ថភាពសក្តិសមនឹងប៉ះ សម្បត្តិ។
នាថ្ងៃទី ១១ ខែ ឧសភាព្រឹកមិញនេះ លោកពេជ្រ សុផាន់បានមានប្រសាសន៍នៅក្នុងការ Live លើផេក Facebook របស់ខ្លួនថា ចាប់ពីការប្រកួតក្រោយទៅ សម្រាប់ សម្បត្តិ និងពេជ្រ ប៊ុនសិទ្ធ គឺលោកនឹងប្រកាសវាយហ្គង់ MMA វិញហើយ ដើម្បីកុំឱ្យមានកីឡាករផ្សេងចង់ជួបច្រើនពេក ហើយលោកគ្រូបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានតែ ឈុត សេរីវ៉ាន់ថង និងឃីម បូរ៉ា ប៉ុណ្ណោះ ដែលសក្តិសមប៉ះជាមួយសមត្តិ ព្រោះបើគូនេះជួបគ្នា នោះគឺនឹងធ្វើមិនឱ្យបងប្អូនខកបំណងឡើយ។
គួរបញ្ជាក់ថា ទាំងវ៉ាន់ថង និងបូរ៉ា គឺសុទ្ធតែធ្លាប់ជួបជាមួយ សម្បត្តិ ម្តងរួចមកហើយ ដោយ វ៉ាន់ថង ធ្លាប់បានជួបជាមួយ សម្បត្តិ កាលពីខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ខណៈលទ្ធផលពេលនោះអ្នកទាំងពីរបានស្មើគ្នាក្នុងការវាយជាលក្ខណៈ Mas Fight ចំណែក បូរ៉ា វិញគឺធ្លាប់ប៉ះសម្បត្តិ កាលពីខែ កញ្ញា ឆ្នាំ ២០២៣ ដោយពេលនោះបូរ៉ាចាញ់ដោយពិន្ទុ៕