បរទេស៖ នៅសល់ត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៥ ខែ កញ្ញាឆាប់ៗនេះ នឹងឈានដល់ការប្រកួតដ៏ធំរបស់ក្រុមកីឡាករគុនខ្មែរយើងនៅប្រទេស កូរ៉េ ហើយ ដែលជាការរៀបចំឡើងដោយខាងស្ថានីយ៍ទូរទស្សន៍ Town ខណៈក្នុងនោះមានកីឡាករឆ្នើមៗរបស់កម្ពុជាយើង ៦ រូប ដែលនឹងត្រូវឆ្លងដែនទៅប្រកួតនៅក្នុងកម្មវិធីនោះ រួមមានសោម វិច្ឆ័យ, ភក្តី គុនខ្មែរ, ឡុង អាឆើត, អេ អាំម៉ារីនភូថង, ម៉ឺន មេឃា និងធឿន ធារ៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់កីឡាករកម្ពុជាយើងទាំង ៦ នាក់ខាងលើ គឺសុទ្ធតែជាកីឡាករដែលកំពុងឡើងដៃខ្លាំងគួរឱ្យកត់សម្គាល់ ប៉ុន្តែសម្រាប់កីឡាករ ដែលយើងចាប់អារម្មណ៍ជាងគេ គឺអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា ដែលជាតួឯកប្រចាំកម្មវិធី ហើយជាពិសេសដៃគូប្រកួតរបស់គាត់ ដែលនឹងត្រូវជួបគ្នានៅទីនោះ ក៏មិនអាចមើលរំលងបានផងដែរ។
នៅក្នុងសន្និសីទកាសែតថ្ងៃទី ១០ ខែ កញ្ញា នេះ ទីបំផុតដៃគូរបស់ធឿន ធារ៉ា គឺត្រូវបានប្រកាសជាផ្លូវការហើយ ដោយកូនសិស្សរបស់លោកគ្រូ អេ ភូថង រូបនេះ នឹងត្រូវជួបគ្នាជាមួយជើងខ្លាំងមកពីប្រទេស ប្រេស៊ីល កីឡាករ Victor Teixiera។
យោងតាមប្រវត្តិខ្លះៗ ដែលយើងដកស្រង់ចេញពីបណ្តាញសង្គម Victor Teixeira គេធ្លាប់ឆ្លងកាត់ការប្រកួតអាជីពបានចំនួន ៦៣ ដង ឈ្នះ ៤៣ ដង និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន ២៩ ដង។
ជាមួយគ្នានេះ Victor Teixeira ក៏ធ្លាប់ប្រឡូកការប្រកួតនៅសង្វៀន ONE បាន ២ ដងផងដែរ ដោយការប្រកួតកាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ គេបានផ្តួលឱ្យអ្នកប្រដាល់ថៃ Kongthailand សន្លប់ក្នុងទឹកទី ២ ចំណែកការប្រកួតលើកទី ២ ក្នុងខែ កក្កដា ឆ្នាំ ២០២៣ ដដែល គេបានចាញ់កីឡាករ ថៃ Sinsamut Klinmee។