បរទេស៖ បុរសជនជាតិ ម៉ាឡេស៊ី ម្នាក់បានសារភាពថា គាត់បានសម្លាប់នារីម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់នាងទៅបញ្ចាំនៅក្នុងខេត្ត Sarawak ដើម្បីប្រមូលប្រាក់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិ ម៉ាឡេស៊ី ទល់នឹងក្រុម កម្ពុជា នៅក្នុងពានរង្វាន់ Mitsubishi Electric Asean Cup នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៨ ខែ ធ្នូ កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពដែលចុះផ្សាយដោយសារព័ត៌មាន Harian Metro បានដកស្រង់ពាក្យសម្តីរបស់លោក Datuk Mancha Ata ដែលជាស្នងការនគរបាលខេត្ត Sarawak យ៉ាងដូច្នេះថា ជនសង្ស័យដែលកំពុងស្ថិតក្រោមការសួរនាំរបស់ប៉ូលីសរូបនោះបានសារភាពផ្ទាល់មាត់ថា គាត់បានសម្លាប់ជនរងគ្រោះជានារីរូបនោះ ដើម្បីប្លន់យកខ្សែដៃមាស និងក្រវិលរបស់នាងទៅបញ្ចាំប្តូរជាសាច់ប្រាក់មកវិញ។
យ៉ាងណាក៏ដោយ ទាក់ទងនឹងរឿងនេះ ក្រុមប៉ូលីសកំពុងតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីស៊ើបអង្កេតលើរឿងនេះជាបន្តទៀត ហើយថ្មីៗនេះក៏ទើបតែរកឃើញភស្តុតាងថ្មីបន្ថែមទៀតផងដែរ ដូចជាធ្មេញ សម្លៀកបំពាក់ និងដុំសក់។
គួរបញ្ជាក់ថា សព្វរបស់ជនរងគ្រោះ ត្រូវបានរកឃើញកាលពីថ្ងៃ សៅរិ៍ កន្លងទៅនៅតំបន់ Tabuan Jaya ហើយនាងគឺមានឈ្មោះថា Nurul Asikin Lan ដែលបច្ចុប្បន្នមានវ័យ ២៦ ឆ្នាំ៕
ប្រភព៖ Malaymail