បរទេស៖ ខ្សែបម្រើប្រយុទ្ធរបស់ Barcelona កីឡាករ Dani Olmo ត្រូវបានគេរាយការណ៍ថា កំពុងមានការចង់បានដោយក្លិបយក្ស ២ នៅលីគ Premier League របស់ អង់គ្លេស បន្ទាប់ពីអនាគតរបស់គេហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយ Barca មិនអាចចុះឈ្មោះរូបគេទៅក្នុងក្របខណ្ឌ La Liga បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សOlmo ត្រូវបាន Barcelona ចុះកុងត្រាយកបានពីក្រុម RB Leipzig របស់ អាល្លឺម៉ង់ កាលពីខែ សីហា កន្លងទៅក្នុងតម្លៃ ៦០ លានអឺរ៉ូ ឬប្រមាណជា (៦២.៥ លានដុល្លារអាមេរិក) ប៉ុន្តែក្នុងការបង្ហាញខ្លួនរបស់គេជាមួយ Barca កន្លងមក គឺក្នុងនាមជាកីឡាករ ដែលត្រូវបានក្លិបចុះឈ្មោះចូលក្រុមជំនួសខ្សែការពារ Andreas Christensen ដែលមានបញ្ហារបួសប៉ុណ្ណោះ។
យ៉ាងណាមិញ រយៈពេលដែល La Liga បានអនុញ្ញាតឱ្យ Olmo ចូលលេងឱ្យ Barcelona បាន គឺត្រឹមតែរយៈពេល ៤ ខែប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែ ធ្នូ ឆ្នាំ ២០២៤ ហើយគិតមកដល់ឥឡូវនេះក្រុមអ្នកមានបុណ្យនៅតែបន្តជួបប្រទះនូវបញ្ហាវិបត្តិហិរញ្ញវត្ថុទៀត ដែលធ្វើឱ្យពួកគេមិនទាន់គ្រប់លក្ខខណ្ឌក្នុងការចុះកុងត្រាកីឡាករថ្មីចូលបានឡើយ ដូច្នេះហើយទើប La Liga បានសម្រេចចិត្តបដិសេធជាលើកទី ២ ចំពោះការស្នើសុំរបស់ Barca ដើម្បីសុំចុះឈ្មោះខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ។
ក្នុងករណីប្រសិនបើ Barcelona នៅតែមិនអាចចុះឈ្មោះ Olmo បាន នោះរូបគេនឹងក្លាយជាកីឡាករផ្ទេរចេញដែលគ្មានតម្លៃខ្លួននៅខែ មករា នេះ ខណៈថ្មីៗនេះយោងតាមការប្រភពបរទេស ដែលដកស្រង់ចេញពី GOAL បានឱ្យដឹងថា បច្ចុប្បន្នមានក្លិប ២ ដែលកំពុងតាមដានខ្សែបម្រើប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះយ៉ាងដិតដល់ ក្នុងនោះមាន Manchester City និង Manchester United៕
ប្រភព៖ GOAL