បរទេស៖ ទីផ្សារដោះដូរកីឡាករខែ មករា នៅទូទាំងពិភពលោក និងលីគកំពូលកម្ពុជា Cambodian Premier League បានបើកជាផ្លូវការហើយ ខណៈបច្ចុប្បន្នមានក្លិបជាច្រើនកំពុងតែមមារញឹកខ្លាំងក្នុងការផ្ទេរចេញ ផ្ទេរចូលកីឡាករថ្មីមកកាន់ក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្លិបបាល់ទាត់ បឹងកេត ដែលជាក្លិបជើងខ្លាំងមួយរបស់ កម្ពុជា កំពុងធ្វើឱ្យអ្នកគាំទ្របាល់ទាត់មានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីពួកគេបាននាំចូលកីឡាករបរទេសថ្មី ២ នាក់ ដូចជាខ្សែការពារសញ្ជាតិ អូស្ត្រាលី Alexander Kevin Baker និងខ្សែការពារស្លាបឆ្វេងជម្រើសជាតិ ហ្វីលីពីន Scott Wood។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេគឺនៅមិនទាន់បញ្ចប់ការផ្ទេរត្រឹមនេះនោះទេ ដោយនៅថ្ងៃទី ៣ ខែ មករា នេះ យោងតាមការចុះផ្សាយដោយប្រភពច្បាស់ការក្នុងស្រុកដូចជា Micro Sport និង PSB Sport News បានបញ្ចេញព័ត៌មានរសើបមួយថា បឹងកេត នឹងនាំចូលកីឡាករបរទេសថ្មីម្នាក់ទៀត ដែលមានឈ្មោះថា Charlie Scott។
កីឡាករជំនាញជើងស្តាំវ័យ ២៧ ឆ្នាំរូបនេះ គេមានសញ្ជាតិដើម អង់គ្លេស ដែលលេងតួនាទីជាខ្សែបម្រើការពារ។ Charlie Scott គឺជាកីឡាករម្នាក់ ដែលបានដុះចេញពីថ្នាលយុវជនរបស់ក្រុមបិសាចក្រហម Manchester United ហើយរូបគេក៏ធ្លាប់ចាប់ដៃគ្នានៅលើទីលានជាមួយខ្សែប្រយុទ្ធឆ្នើម Marcus Rashford ផងដែរ។
គួរបញ្ជាក់បន្ថែមថា Charlie Scott នៅពេលចាកចេញពីថ្នាលយុវជនរបស់ Man UTD គេបានបន្តអាជីពជាមួយនឹងក្លិបនៅលីគទី ៥ អង់គ្លេស Altrincham, Newcastle Town ហើយក្រោយមកគេបានផ្លាស់ទៅកាន់ក្លិប Happy Valley និង Kitchee នៃលីគកំពូល ហុងកុង មុនពេលផ្លាស់មកកាន់ក្លិប Semen Padang នៃលីគកំពូល ឥណ្ឌូនេស៊ី ដែលជាក្លិបចុងក្រោយ៕