
ភ្នំពេញ៖ វៀតណាម គឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ខណៈ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម មានប្រមាណ ៧ពាន់លានដុល្លារ រយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ។ បើតាមការបញ្ជាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិភាក្សាការងារជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ជំនួបនេះ សម្តេចតេជោ បានលើកឡើងបន្តថា ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន ៣,២ពាន់លានដុល្លារ។
ដូច្នេះចំនួននេះ បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ ជាការគូសបញ្ជាក់ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។
បើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយ លោក តូ ឡឹម សាជាថ្មី ជាពិសេស សម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។
សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកដល់សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។ បើតាមអ្នកនាំពាក្យដដែល។
លោក តូ ឡឹម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ហើយលោកបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។ បើតាមការបន្តទៀត លោក ជា ធីរិទ្ធ ជាអ្នកនាំពាក្យ។
លោក បានបន្តទៀតថា គោលដៅធំរវាងកម្ពុជានិងវៀតណាម គឺគ្រោងសម្រេចឱ្យបាននូវផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)