
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
នេះបើតាម សារពីឯកអគ្គរាជទូត អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្តីពីការប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់តំបន់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ ជាការគូសបញ្ជាក់ លោក អ៊ូអិណុ។
លោក អ៊ូអិណុ បានបន្តថា រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។
លោក បានបន្តទៀតថា ខ្លួនខ្ញុំផ្ទាល់ និងវរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា។
សូមរម្លឹកថា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានប្រកាសដំណឹងពីការផ្តល់ជំនួយជាថវិកា ១០ម៉ឺនដុល្លារ។ ការផ្ដល់ជំនួយរបស់ស្ថានទូតចិននេះ មានគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ជំនួយនេះ បង្ហាញពីមិត្តភាពរឹងមាំរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ដែលតែងតែឈរជើងគាំទ្រនៅពេលមានស្ថានភាពការលំបាក។
ជំនួយចំនួន ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)