នីតិសាស្ត្រ គឺជាជំនាញមួយនៅឧត្តមសិក្សាដែលមានចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ ហើយក៏ជាជំនាញនាំមុខមួយ ផងដែរដែលក្នុងមួយឆ្នាំៗមាននិស្សិតចូលសិក្សាជាច្រើន។ ក្នុងនោះផងដែរ ជំនាញនីតិសាស្ត្រក៏មិនខុសពីជំនាញ ផ្សេងទៀតដែរ ពោលគឺការសិក្សាតម្រូវឱ្យមានការខិតខំ ព្យាយាម និងយកចិត្តទុកដាក់ក្នុងការសិក្សា។
ប៉ុន្តែមានចំណុច៤យ៉ាង ដែលអ្នកមានបំណងចង់សិក្សា ឬក៏កំពុងចាប់ផ្តើមសិក្សាជំនាញមួយនេះគួរឈ្វេងយល់ទុកជាមុន។

១- មូលដ្ឋានគ្រឹះពីថ្នាក់វិទ្យាល័យ
ការសម្រេចចិត្តជ្រើសរើសជំនាញនីតិសាស្ត្រសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាមិនតម្រូវថាអ្នកជាសិស្ស ដែលពូកែខាងវិទ្យាសាស្ត្រសង្គម
ឬវិទ្យាសាស្ត្រពិតនៅថ្នាក់វិទ្យាល័យនោះទេ។ ដូច្នេះកុំមានការបារម្ភថាខ្លួនឯងមិនសូវពូកែខាងវិទ្យាសាស្រ្តសង្គមពិបាកក្នុងសិក្សាជំនាញនីតិសាស្ត្រ ដោយការជ្រើសរើសជំនាញនីតិសាស្ត្រ
ឬក៏ជំនាញអ្វីក៏ដោយសំខាន់ស្ថិតនៅលើការស្រលាញ់
និងមានការតាំងចិត្តព្យាយាមក្នុងការសិក្សា ។

២- ការអានសៀវភៅ និងឯកសារពាក់ព័ន្ធឱ្យបានច្រើន
ក្រៅពីការសិក្សាផ្ទាល់ជាមួយសាស្ត្រាចារ្យនៅសាលា អ្នកសិក្សាជំនាញមួយនេះត្រូវតែព្យាយាមសៀវភៅ និងឯកសារពាក់ព័ន្ធឱ្យបានច្រើន។ ការអានច្រើននេះហើយ ជាទុនគ្រឹះដ៏សំខាន់សម្រាប់អ្នកសិក្សាជំនាញនីតិសាស្ត្រក្នុងការប្រមូលចំណេះដឹង។ មូលហេតុដែលអ្នកសិក្សាច្បាប់ត្រូវអានឱ្យបានច្រើន ព្រោះរាល់ការបកស្រាយ ការលើកឡើងពីអ្វីមួយ ឬការអះអាងពីអ្វីមួយត្រូវឈរលើមូលដ្ឋាន និងមានអំណះអំណាងច្បាស់លាស់ ។
៣- ការស្វែងរកឯកសារពាក់ព័ន្ធបន្ថែម
ការផ្តល់មេរៀន
ឬឯកសារពីសំណាក់សាស្ត្រាចារ្យមិនមែនថាមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែក្នុងនាមជាអ្នកសិក្សាក្នុងជំនាញនីតិសាស្ត្រ
ឬក៏ជំនាញដទៃទៀតក៏ដោយ ត្រូវតែស្វែងរកឯកសារពីប្រភពផ្សេងទៀតដើម្បីស្វ័យសិក្សា ។ ប្រភពឯកសារដទៃទៀតនោះ
អ្នកអាចស្វែងរកបានដូចជានៅតាមបណ្ណាល័យ (ប្រចាំសាលា ឬស្ថាប័នសាធារណៈ) បណ្ណាគារ
តូបលក់សៀវភៅ ឬតាមរយៈប្រព័ន្ធអ៊ិនធើណេត ដែលអាចមានលក្ខណៈជាសៀវភៅ អត្ថបទខ្លីៗ
និងវីដេអូ ។
ម្យ៉ាងទៀតគឺការចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យច្បាប់ ។ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យច្បាប់គឺជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងដែលអ្នកគួរតែចូលរួមឱ្យបានច្រើន ។ ជាធម្មតាសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលមិនមានរយៈពេលច្រើនម៉ោងនោះទេ ដូច្នេះវាគ្មិនដែលមានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យនេះនឹងសង្ខេប ឬជ្រើសរើសយកខ្លឹមសារសំខាន់ៗដើម្បីបង្រៀនដល់អ្នកដែលចូលរួម ។ ហេតុនេះហើយ អ្នកគួរតែស្វែងរកព័ត៌មានទាក់ទងសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលច្បាប់ ។
៤- ការស្វែងរកបទពិសោធន៍
អំឡុងពេលសិក្សាឆ្នាំទី៣ ឆ្នាំទី៤
គឺជាពេលវេលាសមល្មមដែលអ្នកគួរតែស្វែងរកបទពិសោធន៍ការងារ។
ការងារទាំងនោះអាចជាការងារស្ម័គ្រចិត្ត ហាត់ការ ឬជំនួយការ នៅតាមការិយាល័យមេធាវី
ក្រុមមេធាវី ក្រុមហ៊ុនមេធាវី ឬគ្រឹះស្ថានឯកជន និងស្ថាប័នរដ្ឋ ។ល។
ការសាកល្បងធ្វើការក្នុងគោលបំណងស្វែងរកបទពិសោធន៍នេះមានសារៈប្រយោជន៍ណាស់
ដោយធ្វើឱ្យអ្នកអាចទទួលបានចំណេះដឹងថ្មីបន្ថែមពីអ្វីដែលអ្នកធ្លាប់ដឹងតាមការសិក្សានៅសាលា។ បទពិសោធន៍ធ្វើការងារមុនបញ្ចប់ការសិក្សានេះ គឺជាទុនសំខាន់ដែលងាយស្រួលឱ្យអ្នកស្វែងរកការងារ (វិស័យឯកជន)នៅពេលដែលអ្នកបញ្ចប់ការសិក្សាជាស្ថាពរ
ព្រោះការជ្រើសរើសបុគ្គលិកខាងវិស័យឯកជនភាគច្រើនគឺភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវឱ្យបេក្ខជនមានបទពិសោធន៍ការងារ៕
