Apple ជិតក្លាយជាក្រុមហ៊ុនដំបូងគេ លើពិភពលោក មានតម្លៃខ្លួនឡើងដល់៣ទ្រីលានដុល្លារ

//s9.kh1.co/eb/eb0f0490c2026b9b3d5759ab5d53198159eea9f5.jpg
បច្ចេកវិទ្យា

 ១៤-ធ្នូ-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ការលក់កើនឡើងជិត៣០ភាគរយ ដល់ជាង៨៣ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលបានបញ្ចប់នៅក្នុងខែកញ្ញានេះ។

បរទេស៖ ក្រុមហ៊ុន Apple ជិតឈានមកដល់ចំណុចដ៏សំខាន់មួយទៀតហើយ។ ក្រុមហ៊ុនផលិតទូរសព្ទ iPhone នេះជិតឈានដល់តម្លៃទីផ្សារជាង៣ទ្រីលានដុល្លារ ដែលជាក្រុមហ៊ុនជួញដូរសាធារណៈដំបូងគេ ដែលមានតម្លៃដ៏ច្រើនបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនប្រហែល១ភាគរយ នៅក្នុងមុនការជួញដូរទីផ្សារ កាលពីថ្ងៃចន្ទ ដល់ប្រហែល១៨១.៧៥ដុល្លារ។ ភាគហ៊ុនត្រូវការឡើងទៅដល់១៨២.៨៥ដុល្លារ សម្រាប់ Apple ដើម្បីលោតទៅដល់៣ទ្រីលានដុល្លារ។ ដំបូង តម្លៃទីផ្សាររបស់ Apple បានឡើងទៅដល់១ទ្រីលានដុល្លារ ក្នុងខែសីហា ឆ្នាំ២០១៨ និងបានហក់ទៅដល់២ទ្រីលានដុល្លារ ក្នុងខែសីហា ឆ្នាំ២០២០។

ភាគហ៊ុនរបស់ Apple បានកើនឡើងច្រើនជាង៣៥ភាគរយ នៅក្នុងឆ្នាំនេះតែឯង។ ក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ ពីតម្រូវការកើនឡើងសម្រាប់ iPhone 13 ថ្មីរបស់ខ្លួន និងម៉ូឌែលចាស់ៗផ្សេងទៀត ក៏ដូចជាសេវាកម្មជាវ ដូចជា Apple Music, Apple TV+, iCloud និង App Store ដ៏ពេញនិយមរបស់ខ្លួន។ ការលក់កើនឡើងជិត៣០ភាគរយ ដល់ជាង៨៣ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដែលបានបញ្ចប់នៅក្នុងខែកញ្ញានេះ។

ប៉ុន្តែមិនយូរប៉ុន្មានទេ ក្រុមហ៊ុនមួយចំនួនអាចនឹងហក់ឡើងដល់តម្លៃ៣ទ្រីលានដុល្លារ ដូច Apple ដែរហើយ។ ឥឡូវនេះ ក្រុមហ៊ុន Microsoft មានតម្លៃប្រហែល២.៦ទ្រីលានដុល្លារ ហើយតម្លៃទីផ្សាររបស់ក្រុមហ៊ុន Alphabet ដែលជាម្ចាស់ Google គឺប្រហែល២ទ្រីលានដុល្លារ។ តាមពីក្រោយនេះគឺក្រុមហ៊ុន Amazon ដែលមានតម្លៃទីផ្សារ១.៧ទ្រីលានដុល្លារ ហើយក្រុមហ៊ុន Tesla របស់លោក Elon Musk មានតម្លៃ១ទ្រីលានដុល្លារ៕

Apple iPhone 13
Apple iPhone 13

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T