ភ្នំពេញ៖ កាលពីថ្មីៗនេះ បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជន អ្នកគាំទ្រ ខណៈការចែកនូវមេដាយ និងកាដូតុក្កតា ទៅដល់ក្រុមជម្រើសជាតិបាល់ទាត់បុរស អាយុក្រោម២២ឆ្នាំ ដែលទទួលបានជ័យជម្នះ ទាំងបីក្រុម ដោយក្រុមម្ចាស់មេដាយមាស បានទៅលើឥណ្ឌូនេស៊ី, មេដាយប្រាក់ បានទៅលើថៃ, និងមេដាយសំរឹទ្ធ បានទៅលើវៀតណាម ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ជាក់ស្ដែង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ ក្រោយបញ្ចប់ការប្រកួត ក្រុមជម្រើសជាតិថៃ ចាញ់ ក្រុមឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ ទល់នឹង ៥ ពោលខណៈពេលចែកមេដាយ ជាមួយកាដូ តុក្កតាម៉ាស្កុត ដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ដោយមានកីឡាកររបស់ថៃម្នាក់ មានឈ្មោះថា Jonathan Khemdee បានធ្វើអាកប្បកិរិយា មិនសមរម្យ ដោយយកតុក្កតាម៉ាស្កុត ដែលជាកាដូរបស់កម្ពុជា និងមេដាយប្រាក់របស់ខ្លួន ធ្វើសកម្មភាពគប់ទៅកាន់ តំបន់អ្នកចូលរួមទស្សនា បើទោះបីជាចេតនាអ្វីក៏ដោយ តែវាមិនគួរកើតមាន ដែលហាក់បីដូចជាមិនឲ្យតម្លៃ មកកាន់ប្រទេសកម្ពុជា ជាម្ចាស់ផ្ទះទាល់តែសោះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។
ទន្ទឹមគ្នានេះដែរ ពិធីករប្រចាំប៉ុស្ដិ៍ហង្សមាស ដែលមានឈ្មោះបោះសម្លេងម្នាក់លោក សុខ រ៉ាស៊ី បានបង្ហោះរូបភាព ដោយរូបភាពនោះបញ្ជាក់ពី កីឡាករថៃ Jonathan Khemdee បានធ្វើសកម្មភាពគប់តុក្កតា ជាមួយមេដាយរបស់ខ្លួន និងបុរសម្នាក់ ដែលចាប់បានតុក្កតានោះ ដោយលោកភ្ជាប់ជាមួយសំណេរបែបនេះថា៖
«បើបងប្រុសបានឃើញ ប្អូនសុំចែក តុក្កតានេះវិញ ជាកាដូរ ជូនប្អូនវិញ ក្នុងតម្លៃ 2លានរៀល (សុំមិនប្រើពាក្យទិញ) តុក្កតានេះពិតជា មាន តម្លៃណាស់ សម្រាប់ជាតិខ្ញុំ ព្រោះជាលើកទីមួយនៃប្រវត្តសាស្រ្តកម្ពុជា អាចមានសមត្ថភាពធ្វើជា ម្ជាស់ផ្ទះ SEAGAMES ខ្ញុំត្រូវបង្ហោះសារនេះ តាំងពីម្សិលមិញ តែខ្ញុំតាំងចិត្តធ្វើជាម្ជាស់ផ្ទះល្អ ចិត្តត្រជាក់ ទទួលភ្ញៀវ គ្រប់ប្រទេស មិនប្រកាន់ពូជសាសន៍ ឥលូវវាបានបញ្ចប់ ដោយរលូនហើយ កម្ពុជាជាម្ជាស់ផ្ទះល្អ ល្បីរន្ទឺពេញសកលលោក! សុខ រ៉ាស៊ី»៕
សូមទស្សនារូបភាពខាងក្រោម៖










