បរទេស៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែតលោក Pablo Gravellone បានឱ្យដឹងថា ក្លិបសំបូរលុយ ២ របស់ Premier League រួមមាន Chelsea និង Newcastle ក៏ចូលខ្លួនតាមចែចូវយក Lionel Messi ផងដែរ បន្ទាប់ពីដឹងថាខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះ នឹងចាកចេញពី Paris Saint-Germain នៅរដូវក្តៅនេះ។

ជាការពិតណាស់ កុងត្រារបស់ Messi ជាមួយនឹង PSG នឹងអស់សុពលភាពនៅរដូវក្តៅនេះហើយ ប៉ុន្តែភាគីទាំង ២ គឺមិនបានបន្តកុងត្រាថ្មីនោះទេ ហើយជាមួយគ្នានេះ ខាងក្លិបអ្នកមានបារាំង ក៏បានប្រកាសកាលពីពេលថ្មីៗនេះផងដែរថា Messi នឹងចាកចេញពីទឹកដី Parc des Princes នៅដំណាច់រដូវកាលនេះដោយគ្មានតម្លៃខ្លួន។
ទាក់ទងនឹងដំណឹងនៃការចាកចេញនេះ គឺបានធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន Messi ហើយក្នុងនោះគឺមានក្លិបអ្នកមានរបស់ អារ៉ាប៊ីសាអ៊ូឌីត Al-Hilal, Barcelona និងបច្ចុប្បន្ននេះគឺមានក្លិប ២ ទៀតរួមមាន Chelsea និង Newcastle ជាដើម៕


ប្រភព៖ Sportskeeda