បរទេស៖ ថ្មីៗនេះស្ថានភាពរបស់ Manchester United ហាក់ពុំសូវជាល្អប៉ុន្មាននោះទេ បន្ទាប់ពី Antony បានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំជុំវិញការប្រើអំពើហិង្សាលើអតីតដៃគូស្នេហា និង Jadon Sancho ត្រូវបានដកឈ្មោះចេញពីក្រុមឈុតធំ ក្រោយរូបគេមានការប៉ះពាក្យសម្តីគ្នាជាមួយអ្នកចាត់ការលោក Erik ten Hag។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាក្តី រឿងដែលស្រដៀងគ្នានឹង Sancho គឺមិនមែនជាលើកទី ១ នោះទេ ដែលមានកីឡាករក្នុងក្រុមត្រូវបានបុរសខ្លាំងលោក Ten Hag បណ្តេញចេញពីក្រុមឈុតធំដូច្នេះ ក្នុងនោះមានកីឡាករ ៥ នាក់ផ្សេងទៀតក៏ធ្លាប់ត្រូវបានបុរសសញ្ជាតិ ហូឡង់ បណ្តេញចេពីក្រុមផងដែរនៅរដូវកាលមុន ដោយលោកបានបញ្ជូនឱ្យទៅហាត់ជាមួយក្រុមអាយុក្រោម ២៣ ឆ្នាំ។
បើតាមការទម្លាយពីកាសែត The Sun បានឱ្យដឹងថា ក្នុងចំណោមកីឡាករ ៥ រូប ដែលលោក Ten Hag ធ្លាប់ដកចេញពីក្រុមឈុតធំ ក្នុងនោះរួមមានកីឡាករ Phil Jones, Axel Tuanzebe, Teden Mengi, Brandon Williams និងខ្សែបម្រើ Shola Shoretire។
ហើយក្នុងចំណោមកីឡាករទាំង ៥ នាក់ខាងលើ គឺមានតែ Shoretire ម្នាក់ប៉ុណ្ណោះ ដែលកំពុងបន្តជាកីឡាកររបស់ Man UTD ដោយឡែកកីឡាករ ៤ នាក់ផ្សេងទៀត គឺសុទ្ធតែបានចាកចេញពីទឹកដី Old Trafford អស់ទៅហើយ ដោយ Jones ឥឡូវនេះមិនទាន់មានក្លិបលេងនៅឡើយទេ។ រីឯ Axel និង Williams វិញ គឺបានផ្លាស់ទៅកាន់ក្លិប Ipswich នៅលីគទី ២ របស់ អង់គ្លេស និងចុងក្រោយ Mengi បានផ្លាស់ទៅលេងនៅក្លិប Luton Town។





ប្រភព៖ Sportbible