បរទេស៖ Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោកមួយ បន្ទាប់ពីលោកបានបញ្ចេញមតិអបអរសាទរទៅកាន់ Kylian Mbappe ក្រោយរូបគេសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅកាន់ Real Madrid ជាផ្លូវការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃ អង្គារិ៍ ទី ៤ ខែ មិថុនា កន្លងទៅ ក្លិប Real Madrid បានប្រកាសជាផ្លូវការអំពីការចុះកុងត្រាយកបានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដោយគ្មានតម្លៃខ្លួន ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៩ ក្រោយរូបគេចាកចេញពី Paris saint-Germain។


យ៉ាងណាមិញ ក្រោយការប្រកាសនេះ Mbappe បានបង្ហោះរូបខ្លួនឯងមួយ ជាមួយការពាក់អាវ Real Madrid កាលពីក្មេង អមជាមួយសំណេរយ៉ាងវែងនៅលើបណ្តាញសង្គម Instagram ហើយភ្លាមនោះ Ronaldo ក៏បានចូលទៅ Comment នៅក្នុងការបង្ហោះនោះផងដែរ ដោយគាត់បានសរសេរថា៖
រំភើបណាស់ដែលបានឃើញឈានជើងនៅ Bernabeu… hala Madrid។
ជុំវិញការ comment នេះ គឺបានធ្វើឱ្យ Ronaldo បំបែកកំណត់ត្រាពិភពលោកមួយ ដោយការ comment នេះមានអ្នកចូល Like ច្រើនជាងគេបំផុតមិនធ្លាប់មាន ពោលគឺរហូតដល់ទៅជាង ៤ លាននាក់ឯណោះ ខណៈដែលចំនួននេះគឺមិនដែលមានពីមុនមកទេ, នេះបើតាមប្រភពចុះផ្សាយដោយ Daily Sports៕

ប្រភព៖ Sportbible