ប្រដាល់៖ អ្នកប្រដាល់ថៃ Dansiam បាននិយាយចំៗថា អាវុធរបស់ កីឡាករ អេ អាំម៉ារីន គឺ មិនសូវធ្ងន់នោះទេ ហើយ ប្រសិនបើការប្រកួតនេះធ្វើឡើងនៅប្រទេសថៃ ម្លេះរូបគេសមតែជាអ្នកទទួលបានជ័យជម្នះបាត់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ប្រសិនបើយើងបកក្រោយបន្តិច កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងការប្រកួតនៅសង្វៀន Knock Out គឺ អេ អាំម៉ារីន បានសាងភាពភ្ញាក់ផ្អើលតាមរយៈការផ្តួល Dansiam ឲ្យសន្លប់បាត់បង់ស្មារតីក្នុងទឹកទី៤ ដែលជាការថែមទឹក បន្ទាប់ពីចៅក្រមបានផ្តល់ពិន្ទុស្មើគ្នាក្នុងការប្រកួតពេញ ៣ទឹក ខណៈ និយាយពីមុនការប្រកួតវិញ Dansiam បានបោះពាក្យខ្លាំងៗថា រូបគេនឹងវាយឲ្យ អាំម៉ារីន សន្លប់ និង ឲ្យគេស្គាល់មួយថៃ ទៀតផង។

យ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត ក្នុងអត្ថបទដកស្រង់ពីទំព័រ Brave Fight អ្នកប្រដាល់ថៃ Dansiam បាននិយាយថា៖
ខ្ញុំគិតថា ខ្ញុំឈ្នះ អេ អាំម៉ារីន បើប្រកួតនៅថៃ ខ្ញុំវាយចំគោលដៅច្រើនជាងគាត់។ គាត់ដើរចូលឲ្យខ្ញុំវាយពេញបីទឹក ហើយ គាត់វាយមិនសូវចំ វាយចំមិនសូវធ្ងន់ ប្រកួតបីទឹកខ្ញុំមានប្រៀបគ្រប់យ៉ាងទាំងកម្លាំងបច្ចេកទេស ចេញចូលលឿនជាង។ យ៉ាងណា ពេលប្រកួតចប់ចៅក្រមកាត់ក្តីឲ្យស្មើពិន្ទុ ហើយ ថែមមួយទឹកទៀត ដើមទឹកថែម ខ្ញុំភ្លាត់គួបផ្សំនិងកម្លាំងរាងអស់ធ្វើឲ្យខ្ញុំ ងើបលែងរួច។ យ៉ាងណាក៏ដោយ ខ្ញុំយល់ស្របតាមចៅក្រមដែលគាត់ឲ្យស្មើ ព្រោះរបៀបដាក់ពិន្ទុថៃនិងជប៉ុនខុសគ្នា ហើយ ខ្ញុំពិតជាសុំទោសអ្នកគាំទ្រថៃដែរខ្ញុំធ្វើមិនបានល្អ៕
