បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានចេញមុខបដិសេធចំពោះពាក្យរិះគន់នាមួយរយៈចុងក្រោយនេះ ដែលបានលើកឡើងថា ក្រុមអធិរាជសគឺមានបញ្ហាដោយសារតែប្រព័ន្ធប្រយុទ្ធលេងមិនត្រូវគ្នារវាង Kylian Mbappe និង Vinicius Jr. ប៉ុន្តែផ្ទុយវិញលោកបានឆ្លើយតបថា បញ្ហាពិតប្រាកដរបស់ក្រុមលោកបច្ចុប្បន្ន គឺស្ថិតនៅលើតំបន់ការពារទៅវិញទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការចាប់ផ្តើមរដូវកាល ២០២៤-២០២៥ នេះ ក្រុម Real Madrid ហាក់ធ្វើពុំសូវបានល្អដូចការរំពឹងទុកទាល់តែសោះ ទោះបីពួកគេមានខ្សែប្រយុទ្ធឆ្នើមៗដូចជា Kylian Mbappe និង Vinicius ក៏ដោយ។ ហើយតាមរយៈភាពមិនល្អប្រសើរបែបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ថា បញ្ហារបស់ក្រុមម្ចាស់ជើងឯកពាន Champions League ១៤ សម័យ គឺស្ថិតនៅលើប្រព័ន្ធប្រយុទ្ធទាំងស្រុង។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការរិះគន់ខាងលើ លោក Ancelotti បានចេញមុខឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ខ្ញុំអាចផ្តល់ឱ្យអ្នកនូវគំនិតមួយ ចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក ប៉ុន្តែវាមិនមែនពេលនេះនោះទេ។... បញ្ហាបស់ពួកយើង គឺមិនមែនស្ថិតនៅលើប្រព័ន្ធប្រយុទ្ធ ឬក៏ទីតាំងណាមួយនោះទេ។ វាគឺស្ថិតនៅលើតំបន់ការពារតែមួយគត់៕

គួរបញ្ជាក់ថា Real Madrid បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ នៃក្របខណ្ឌ La Liga ក្រោយឆ្លងកាត់ ១១ ប្រកួត ពួកគេឈ្នះ ៧ ស្មើ ៣ និងចាញ់ ១ មាន ២៤ ពិន្ទុ។ ដោយឡែកនៅពានរង្វាន់ UCL វិញ ពួកគេកំពុងឈរនៅលេខរៀងទី ១៨ ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេឈ្នះ ២ និងចាញ់ ២ មាន ៦ ពិន្ទុ៕
ប្រភព៖ Sportskeeda