ប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល បានទទួលបណ្ណកម្មសិទ្ធិដីធ្លីជាង ៦ពាន់បណ្ណ

//s9.kh1.co/27/2729efc0da9741839a37123611dcb2c5ffb020b3.jpg
Khmerhome

 ១៣-សីហា-២០២៥ ១០ព្រឹក · ៦ ម៉ោងមុន

រដ្ឋបាលខេត្តកណ្ដាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦០៩៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។

https://s9.kh1.co/__image/w=650,h=342,q=100/27/2729efc0da9741839a37123611dcb2c5ffb020b3.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦០៩៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន។

នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល វាយតម្លៃខ្ពស់ដល់មន្ត្រីវាស់វែង និងអាជ្ញាធរក្រុងសំពៅពូន ដែលបានខិតខំយកចិត្តទុកដាក់ចាប់តាំងពីការវាស់វែងដំបូង រហូតដល់សម្រេចបានការចែកបណ្ណនាពេលនេះ ប្រកបដោយភាពជោគជ័យ គ្មានទំនាស់ និងបញ្ហាគួឱ្យកត់សម្គាល់កើតឡើង។

ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គួច ចំរើន បានថ្លែងបញ្ជាក់ថា ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។

លោក បានបន្តថា ៨ភូមិ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួមមាន ភូមិព្រែកត្រឡាច ភូមិកំពង់ដរ ភូមិជ្រោយតាកែវ ភូមិព្រែកតាឃិន ភូមិព្រែកតាទៀង ភូមិព្រែកតាសេក ភូមិដើមពោធិ៍ និងភូមិព្រែកភូមិ។

នាឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះបណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់។

ពិសេស ដីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានបណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ជាការបន្ថែម លោកអភិបាលខេត្តកណ្ដាល គួច ចំរើន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T