អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ១០០% នឹងហោះហើរសាកល្បងយន្ដហោះខ្នាតធំ A320

//s9.kh1.co/09/09dd10979f16a836c15da3854a79a571b8d3b0cf.png
Khmerhome

 ១៣-សីហា-២០២៥ ១១ព្រឹក · ៥ ម៉ោងមុន

អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន១០០% ទាំងប្រព័ន្ធបច្ចេកវិទ្យានិងការគ្រប់គ្រង គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខនេះ។ បើតាមការឱ្យដឹងពី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបន្តថា នៅថ្ងៃទី១៥ ខែសីហានេះ នឹងបើកការហោះហើរសាកល្បងប្រភេទយន្ដហោះខ្នាតធំ A320 ជាការសាកល្បងចុងក្រោយបង្អស់ មុនដំណើរការជាផ្លូវការ។

https://s9.kh1.co/__image/w=650,h=342,q=100/61/61552307477507a3cb6699c481d5618f23d2006b.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្ដាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន១០០% ទាំងប្រព័ន្ធបច្ចេកវិទ្យានិងការគ្រប់គ្រង គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខនេះ។ បើតាមការឱ្យដឹងពី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបន្តថា នៅថ្ងៃទី១៥ ខែសីហានេះ នឹងបើកការហោះហើរសាកល្បងប្រភេទយន្ដហោះខ្នាតធំ A320 ជាការសាកល្បងចុងក្រោយបង្អស់ មុនដំណើរការជាផ្លូវការ។

លោក ម៉ៅ ហាវណ្ណាល់ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យលើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានធ្វើពិធីជាផ្លូវការមួយ ដោយផ្តល់ជាអាជ្ញាបណ្ណ ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ (CAIC) សម្រាប់អាចដំណើរការធ្វើអាជីវកម្ម។

ការផ្តល់ជូនអាជ្ញាបណ្ណកន្លងទៅនេះ គឺមិនមែនផ្តល់ភ្លាមអាចធ្វើដំណើរការអាជីវកម្មភ្លាមនោះទេ គឺទុករយៈពេល ១ខែ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ។ ជាការគូសបញ្ជាក់ លោក ម៉ៅ ហាវណ្ណាល់ បានបន្តថា នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ គឺអាជ្ញាបណ្ណនឹងចូលជាធរមាន និងមានសុពលភាពដំណើរការធ្វើអាជីវកម្មជាផ្លូវការបាន។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងផ្សព្វផ្សាយជូនដំណឹងនៅ ថ្ងៃទី៩ ខែកញ្ញា ម៉ោង៧ព្រឹក តាមរយៈការបោះពុម្ភឯកសារជាសារធារណៈមួយជាផ្លូវការ ដើម្បីដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានកម្រិតថ្នាក់ 4F។ ជាការបន្តទៀត លោក ម៉ៅ ហាវណ្ណាល់ ដោយបានបបន្ថែមថា ការហោះហើរសាកល្បងចុងក្រោយ គឺមានគោលបំណង ត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោរបស់យើងកម្រិត4F។

បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បានថ្លែងថា កំពុងត្រៀមខ្លួនដើម្បីធ្វើតេស្ដ ដោយប្រើយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហា​នេះ ហើយនឹងមានការធ្វើតេស្ដធំមួយទៀត ដោយយកយន្ដហោះខ្នាតធំចំនួន២ គឺយន្ដហោះ Singapore Airline និង Air Cambodia នៅដើមខែកញ្ញា។

ការថ្លែង អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ក្នុងពិធីរំកិល «ព្រះពុទ្ធបដិមា» កសាងពីស្ពាន់ និងលោហៈ មានកម្ពស់ ៩ម៉ែត្រ និងទម្ងន់៩តោន ដាក់លើបល្ល័ង្ក សម្រាប់តម្កល់ក្នុងបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បាបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចុះហត្ថលេខាកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ (Airlines) ចំនួន ២ទៀត រួចរាល់ហើយដោយត្រៀមចូលរួម ដើម្បីហោះហើរនៅក្នុងចន្លោះខែកញ្ញា ឬខែតុលា ខាងមុខនេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានការធ្វើតេស្ដសាកល្បងចំនួន ២ដងរួចមកហើយ ជាលក្ខណៈបច្ចេកទេស ហើយខាងអាកាសចរស៊ីវិល ក៏បានទទួលស្គាល់ និងបានចេញអាជ្ញាបណ្ណផងដែរ។ ជាការលើកឡើងឱ្យដឹងពី អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបន្តទៀតថា ក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួច​រាល់​ហើយ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

គួតបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯ ពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

សូមរម្លឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើឱ្យយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T