ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់មកហើយថា បទចម្រៀង «ភូមិខ្ញុំ update» ដែលផលិតឡើងដោយផលិតកម្ម Galaxy Navatra រៀបរាប់ពីទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធជូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ដោយមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ នៅក្នុងបណ្ដាញសង្គមយូធូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បទចម្រៀងខាងលើនេះ ពេលចេញភ្លាមៗមានមហាជនមួយចំនួនបានសម្តែងការមិនពេញចិត្ត និងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បងលោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា នាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះកំពុងតែផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ព្រោះមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលត្រឹមតែ ១ខែ ប៉ុណ្ណោះ។
ជុំវិញភាពជោគជ័យនេះ តន់ ចន្ទសីម៉ា ក៏បានបង្ហាញលើផេកផ្លូវការរបស់នាងផងដែរថា៖
"ភូមិខ្ញុំ update" ជាការនិពន្ធរបស់នាងខ្ញុំ ហើយកំពុងតែផ្ទុះខ្លាំង និងនាំមុខគេនៅក្នុងខែនេះ មានអ្នកទស្សនាជិត៨លានដង នៅក្នុងបណ្ដាញយូធូប"។

សូមបញ្ជាក់ផងដែរថា បទ "ភូមិខ្ញុំ update" ដឹកនាំសម្ដែងដោយ៖ Jonathan និពន្ធ Melody និងទំនុកច្រៀងដោយ តន់ ចន្ទសីម៉ា និពន្ធបទភ្លេង៖ Numen ថតដោយ ភួង សុភារិន កែពណ៌ដោយ Tim Pek។ ផ្អែកតាមរបាយការណ៍ពីផលិតកម្ម Galaxy Navatra បច្ចុប្បន្នបទចម្រៀងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មួយបទនេះ បានក្លាយជាបទចម្រៀង ដែលមានអ្នកចូលទស្សនាច្រើនជាងគេក្នុងខែនេះរបស់ផលិតកម្ម Galaxy Navatra៕





