ភ្នំពេញ៖ Galaxy Navatra Thailand ដែលជាផលិតកម្មថ្មីស្រឡាងមួយនៅប្រទេសថៃ ដែលបានប្រកាស សហការវិនិយោគលើវិស័យចម្រៀងរួមគ្នាជាមួយ Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោងបញ្ចេញអាល់ប៊ុមថ្មីដំបូងរបស់ខ្លួននាឆាប់ៗខាងមុខនេះហើយ តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មនឹងក្លាយជាតារាចម្រៀងទី១ ចេញច្រៀងជាភាសាថៃមុនគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងបន្ទាប់ពីភាគីថៃធ្វើ compeign លើបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ចូលដណ្ដឹងបងទៅ» ដែលច្រៀងរួមគ្នាដោយតារាចម្រៀងខ្មែរ តន់ ចន្ទសីម៉ា និងតារាចម្រៀងប្រុសថៃម្នាក់កាលពីពេលថ្មីៗកន្លងទៅនោះ ឃើញថាទទួលបានការគាំទ្រយ៉ាងកក្រើកនៅថៃ ដូចនេះទើបផលិតកម្មនឹងធ្វើបទចម្រៀងឲ្យ តន់ ច័ន្ទសីម៉ា ច្រៀងជាផ្លូវការនាពេលនេះមុនគេ។

លោក យឹម តាស្រង់ លើកឡើងថា អាល់ប៊ុមថ្មីដំបូងរបស់ តន់ ចន្ទសីម៉ា នោះ មានការចូលរួមពីក្រុមភ្លេងជនជាតិថៃ៤រូប ចូលរួមប្រគំភ្លេង។ ក្នុងនោះផងដែរ បទចម្រៀងល្បីដែលសុទ្ធតែជា Original song របស់ផលិតកម្ម Galaxy Navatra នឹងត្រូវប្រែសម្រួលជាភាសាថៃ ព្រមទាំងមានការផលិតថ្មីៗជាច្រើនទៀតផងដែរ។
លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា ជាជំហានដំបូងនេះ យើងសម្រេចតែ តន់ ចន្ទសីម៉ា ម្នាក់សិន ហើយបន្ទាប់មកខាងផលិតកម្មនឹងបញ្ជូនតារាចម្រៀងជាបន្តបន្ទាប់ទៀតច្រៀង។

អ្នកនិពន្ធដែលមានប្រវត្តិជ្រកក្រោមផលិតកម្មមួយណា ធ្វើឲ្យល្បីផលិតកម្មនោះ មិនបានទម្លាយប្រាប់ចំនួនបទចម្រៀងនៃអាល់ប៊ុមជាភាសាថៃលើកដំបូងរបស់ តន់ ច័ន្ទសីម៉ា ឡើយ ប៉ុន្តែលោក បែរជាប្រាប់ថា បច្ចុប្បន្ន តន់ ច័ន្ទសីម៉ា ក្រៅពីមមាញឹកលើការផលិតបទចម្រៀងថ្មីជាច្រើនបទ ទាំងបទខ្មែរ និង បទថៃនោះ តារាចម្រៀងស្រីមាឌល្អិតសម្លេងលះរូបនេះ ក៏កំពុងតែខិតខំប្រឹងប្រែងរៀនភាសាថៃ និងភាសាអង់គ្លេសជាខ្លាំង ដើម្បីសម្រុកតាមផែនការរបស់ក្រុមហ៊ុន ៕





ទស្សនាវីដេអូខាងក្រោម៖