ភ្នំពេញ៖ នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាង ៤ពាន់នាក់ កាលពីម្សិលមិញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះដែលសម្ដេចតេជោ បានធ្វើសេចក្ដីថ្លែងការមួយ ដែលអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំឲ្យមានការភ័យស្លន់ស្លោ អំពីរឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដែលបានដួលរលំនោះ គឺមិនមានការប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ ព្រោះតែករណីវិបត្តិនេះធ្លាប់កើនឡើងជាច្រើនសាររួចហើយ ដែលករណីនេះធ្លាប់បានកើតឡើង ២ដងមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយករណីទី១ វិបត្តិសេដ្ឋកិច្ចអាស៊ីកាលពីឆ្នាំ១៩៩៧ ពេលនោះមានការច្របូកច្របល់នៃប្រព័ន្ធធនាគារ លើពិភពលោករាប់បញ្ចូលទាំងកម្ពុជា ដោយកាលនោះធនាគារនៅកម្ពុជា មានសកម្មភាពតូចនៅឡើយ ដែលពេលនោះពលរដ្ឋមួយចំនួនបង្ខំដកប្រាក់ចេញពីធនាគារ ក្នុងរយៈពេលប្រហែលជា៣សប្ដាហ៍ ក្រោយមកក៏មានពលរដ្ឋយកប្រាក់ទៅដាក់វិញ។
ករណីទី២ មានវិបត្តិហិរញ្ញវត្ថុសាកល កាលឆ្នាំ២០០៨ ផ្ដើមចេញពីការដួលរលំ នៃធនាគារអាមេរិក តែពេលនោះមិនបានបង្កជាផលប៉ះពាល់ដល់កម្ពុជាទេ តែកម្ពុជាបានខិតខំធ្វើការទប់ស្កាត់ហានិភ័យ ដោយតំឡើងអត្រាកាតព្វកិច្ចទុនបម្រុងតម្កល់ទុកនៅធនាគារជាតិ ពី៧ដល់១២ភាគរយ ដល់បច្ចុប្បន្ននេះ បន្ទាប់ពីបណ្តាធនាគារ ចេះគ្រប់គ្រងហានិភ័យដោយខ្លួនឯង ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច មកនៅត្រឹមតែ៧ភាគរយ។

លើសពីនេះ សម្ដេចបានថ្លែងបែបនេះថា «ខ្ញុំសុំអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ដែលដាក់ប្រាក់ក្នុងធនាគារ សុំកុំស្លន់ស្លោ។ ការស្លន់ស្លោនឹងធ្វើឲ្យយើងបាត់បង់ នូវផលប្រយោជន៍ទៅវិញទេ។ ឧទារណ៍បើប្រាក់របស់យើងយកទៅដាក់ យកការប្រាក់ក្នុងរយៈពេល ៦ខែទៅ១ឆ្នាំ នៅពេលយើងដកមុនកាលកំណត់ គឺយើងនឹងបាត់បង់នូវការប្រាក់ ដែលមិនទាន់ដល់ពេលកំណត់។ អីចឹងទេ សូមកុំស្លន់ស្លោជាមួយនឹងហានិភ័យ ដែលអាចកើតមាន នាយករដ្ឋមន្ត្រីថៃក៏បានប្រកាសហើយថា គ្មានផលប៉ះពាល់មកលើប្រទេសថៃទេ ហើយក្នុងពេលវិបត្តិឆ្នាំ២០០៨-២០០៩ ក៏គ្មានឥទ្ធិពលអីមកលើប្រព័ន្ធធនាគារ របស់កម្ពុជាដែរ ព្រោះការភ័យស្លន់ស្លោណាមួយ នឹងនាំមកនូវភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារកម្ពុជា។
គួរឲ្យដឹងបន្ថែមថា និយតកររដ្ឋរបស់សហរដ្ឋអាមេរិក បានបិទធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ដែលជាការក្ស័យធនដ៏ធំបំផុតទីបី នៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់អាមេរិក។ ការបិទនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីអាជ្ញាធរបានបិទធនាគារ Silicon Valley ក្រោយពេលអតិថិជនយ៉ាងច្រើននាំគ្នា សម្រុកមកដកប្រាក់បញ្ញើចេញពីធនាគារនេះ។ សម្ដេចតេជោ ហ៊ុន សែន បង្ហាញនូវជំនឿចិត្តថា សហរដ្ឋអាមេរិកនឹងអាចដោះស្រាយ បញ្ហានៃការដួលរលំនេះបាន ព្រោះអាមេរិក ធ្លាប់មានបទពិសោធន៍នេះរួចមកហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដែលនឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ នៅក្នុងវិស័យហិរញ្ញវត្ថុនោះឡើយ និងជាពិសេស សម្ដេចសូមអំពាវនាវជាថ្មីម្ដងទៀតថា៖
«សម្រាប់ពលរដ្ឋយើង ជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែអ្វីដែលជាការខាតបង់ បើប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោ ដែលនាំគ្នាទៅដកប្រាក់ បាត់បង់នូវចំណែកការប្រាក់ ដែលខ្លួនត្រូវបាន»។
សូមទស្សនារូបភាពខាងក្រោម៖





