បរទេស៖ ក្លិបអធិរាជស Real Madrid បានផ្ដល់ក្ដីសង្ឃឹម ឲ្យក្មេងប្រុសម្នាក់ ដែលបានបាត់បង់សមាជិកគ្រួសារដល់ទៅ៥នាក់ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសម៉ារ៉ុក ឲ្យមានកម្លាំងចិត្ត ក្នុងការឆ្ពោះទៅរក អនាគតសាជាថ្មី តាមរយៈការនាំរូបគេ មកបណ្ដុះបណ្ដាល ជាមួយក្រុមថ្នាលយុវជនរបស់ក្លិប។

ក្មេងប្រុសដ៏កំសត់ខាងលើ មានឈ្មោះ ថា Abdul Rahim Awhida មានវ័យ១៤ឆ្នាំ បានពាក់អាវរបស់ Real Madrid ហើយឈររៀបរាប់ នៅក្នុងកិច្ចសម្ភាសន៍មួយ ប្រាប់ពីសោកនាដកម្ម ដ៏រន្ធត់ដែលបានកើតឡើងមកលើគ្រួសារគេ។

វីដេអូ នៃបទសម្ភាសន៍នេះបានទាក់ទាញបេះដូង នៃប្រជាជាតិផ្សេងទៀតនៅជុំវិញពិភពលោក រួមទាំងក្លិប Real Madrid និងអ្នកគាំទ្ររបស់ក្លិបយក្សអេស្ប៉ាញមួយនេះ ឲ្យមានក្ដីអាណិតនិងចូលរួមសោកស្ដាយចំពោះរូបគេ។
ក្លិប Real Madrid បានទំនាក់ទំនងសាកសួរ ស្ថានីយទូរទស្សន៍ Al Arabiya សម្រាប់លេខទំនាក់ទំនងមកកាន់ Abdul ។ បន្ទាប់មក ក្លិបជើងឯក Champions League ១៤សម័យ ក៏អាចកំណត់អាសយដ្ឋានរបស់ ក្មេងប្រុស Abdul បាន ហើយធ្វើការនាំយកគេ មកបណ្ដុះបណ្ដាលជាមួយថ្នាលបាល់ទាត់ក្លិប។

គួរបញ្ជាក់ដែរថា ក្រុមគ្រួសារជាទីស្រលាញ់របស់ Abdul មានដូចជា ឪពុក ម្តាយ បងប្អូនប្រុសពីរនាក់ និងជីតា សុទ្ធតែបានបាត់បង់ជីវិត ហើយពួកគេគឺជាជនរងគ្រោះ ក្នុងចំណោមមនុស្សជាង 2,900 នាក់ដែលត្រូវបានសម្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រនៅក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕