ជប៉ុន៖ នៅសល់ត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៤ ស្អែកនេះ នឹងឈានដល់ការប្រកួតដ៏ធំជាប្រវត្តិសាស្ត្រប្រចាំប្រទេសជប៉ុនរវាងស្តេចប្រដាល់របស់ ភីលីពីន កីឡាករ Manny Pacquiao និងអ្នកប្រដាល់ម្ចាស់ផ្ទះជប៉ុន Rukiya Anpo ហើយ ដែលការប្រកួតនឹងធ្វើឡើងនៅសង្វៀន Rizin ក្នុងប្រទេស ជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុនឈានដល់ការសម្រេចគូប្រកួតមួយគូនេះ មែនទែនទៅ Pacquiao គឹត្រូវជួបជាមួយនឹងកីឡាករ ជប៉ុន ដូចគ្នា ដែលជាម្ចាស់ខ្សែក្រវាត់ K-1 មានឈ្មោះថា Chihiro Suzuki ប៉ុន្តែចុងក្រោយ Suzuki ក៏បានបង្ខំចិត្តដកខ្លួនភ្លាមៗទៅវិញ ដោយសារតែគាត់មានបញ្ហារបួសដៃធ្ងន់ធ្ងរអំឡុងពេលហ្វឹកហាត់។ ដូច្នេះចុងក្រោយខាងជប៉ុនក៏បានសម្រេចចិត្តជ្រើសរើសឱ្យកីឡាករ Anpo មកប្រកួតជំនួសវិញ។
ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ជាមានចម្ងល់ខ្លះហើយ ថាតើកីឡាករ Anpo នេះជាអ្នកណា ហេតុអ្វីបានជាខាងម្ចាស់ផ្ទះជប៉ុនហ៊ានផ្តល់ឱកាសឱ្យគាត់ប្រកួតជាមួយ Pacquiao ដែលជាអ្នកប្រដាល់ដ៏ល្បីលំដាប់ពិភពលោកបែបនេះ?
យោងតាមប្រវត្តិត្រួសៗដែលដកស្រង់ចេញពីប្រភពព័ត៌មានបរទេស បានឱ្យដឹងថា Anpo គឺជាកីឡាករដ៏ល្បីម្នាក់ប្រចាំប្រទេស ជប៉ុន និងជាកីឡាករឆ្នើមប្រចាំសង្វៀន K-1 និងសង្វៀន Rizin។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ តែងតែត្រូវបានគេហៅថា “The Demolition Man”។ Anpo គេមានជំនាញប្រកួតទាំង Kick Boxing និង MMA ក្នុងនោះគេធ្លាប់មានប្រវត្តិប្រកួតលក្ខណៈ Kick Boxin ចំនួន ៣៦ ដង ជាលទ្ធផលគេឈ្នះបានចំនួន ២៧ ដង ចាញ់ ៨ ដង និងស្មើ ១ ដង ហើយធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន ១៤ ដង ខណៈរូបគេក៏ជាម្ចាស់ខ្សែក្រវាត់ K-1 ផងដែរ។
ការប្រកួតចុងក្រោយរបស់ Anpo គេបានយកឈ្នះលើកីឡាករ Sho Patrick Usami ដែលជាជនជាតិ ជប៉ុន ដូចគ្នា កាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ខណៈនាមុននឹងបន្តិច រូបគេក៏ធ្លាប់បានជួបជាមួយអ្នកប្រដាល់ថៃ Buakaw Banchamek ផងដែរ តែជាលទ្ធផលគឺពួកគេស្មើគ្នា។
គួរបញ្ជាក់ថា ការប្រកួតស្អែកនេះនឹងប្រកួតក្នុងលក្ខខណ្ឌពិសេសមួយក្រោមច្បាប់ប្រដាល់សកល ប៉ុន្តែការប្រកួតគឺមានតែ ៣ ទឹកប៉ុណ្ណោះ ដោយមួយទឹកមាន ៣ នាទី៕
ប្រភពបរទេស