បរទេស៖ អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane ធ្លាប់បានទម្លាយប្រាប់មិត្តមិត្តភក្តិរបស់គាត់ម្នាក់ថា មានតែក្រុមចំនួនបីប៉ុណ្ណោះ ដែលលោកចង់ដឹកនាំ ប៉ុន្តែក្នុងចំណោមនោះគឺគ្មានឈ្មោះរបស់ Manchester United នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ចាប់តាំងពីចាកចេញពី Real Madrid ក្នុងឆ្នាំ ២០២១ មក លោក Zidane គឺមិនទាន់ទទួលការងារថ្មីដឹកនាំក្រុមណាមួយនៅឡើយទេ ទោះបីជាលោកធ្លាប់មានក្រុមធំៗមួយចំនួនបានទាក់ទងចង់បានលោកទៅដឹកនាំក៏ដោយ។
យ៉ាងណាមិញ នាមួយរយៈចុងក្រោយនេះ Man UTD ត្រូវបានគេមើលឃើញថា គឺជាក្រុមមួយដែលបានផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងចង់បានលោកទៅដឹកនាំជាថ្មី ដើម្បីត្រៀមជំនួសតំណែងលោក Erik ten Hag ដែលកៅអីកំពុងឡើងកម្តៅខ្លាំង ប៉ុន្តែយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ គឺមិនទាន់មានព័ត៌មានច្បាស់ការណាមួយ ដែលបញ្ជាក់ថាបុរសវ័យ ៥២ ឆ្នាំរូបនេះមានបំណងព្រមទទួលយកសំណើរបស់ពួកគេឡើយ។
ស្របពេលដែលលោក Zidane ហាក់មិនទាន់ចាប់អារម្មណ៍ជាមួយនឹងការងារដឹកនាំក្រុមណាមួយបែបនេះ វាបានធ្វើឱ្យគេនឹកឃើញគ្រាមួយ ពោលគឺកាលពីខែកុម្ភៈកន្លងទៅ លោក Thomas Gravesen ដែលជាមិត្តរួមក្រុមចាស់របស់លោក Zidane កាលនៅ Real Madrid បានទម្លាយថា Zidane ធ្លាប់បានប្រាប់គាត់ ថាមានតែក្រុមបីប៉ុណ្ណោះដែលគាត់ចង់ដឹកនាំ ក្នុងនោះរួមមាន "ក្រុម Marseille, Real Madrid និងក្រុមជម្រើសជាតិ បារាំង"៕
ប្រភព៖ Sportbible