បរទេស៖ អតីតខ្សែបម្រើការពារជើងចាស់របស់ Manchester United និងក្រុមជម្រើសជាតិ អង់គ្លេស លោក Nicky Butt បានមានប្រសាសន៍ថា ប្រសិនបើបច្ចុប្បន្នជាជំនាន់ដឹកនាំរបស់អតីតគ្រូបង្វឹកឆ្នើមលោក Sir Alex Ferguson វិញ លោកដឹងតែចាយលុយធំ ដើម្បីទិញយកខ្សែបម្រើប្រយុទ្ធរបស់ Crystal Palace កីឡាករ Eberechi Eze មកពង្រឹងក្រុមហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាប៉ុន្មានរដូវកាលចុងក្រោយ ក្រុមបិសាចក្រហមហាក់ដុនដាបខ្លាំងមែនទែន ដោយកាលពីរដូវកាលមុនពួកគេបានបញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ៨ ក្នុងតារាងចំណាត់ថ្នាក់ Premier League ខណៈរដូវកាលនេះវិញ កំពុងតែឈរនៅលេខរៀងទី ១៣ ដោយឆ្លងកាត់ ២៤ ប្រកួត ពួកគេទើបតែមាន ២៩ ពិន្ទុប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីពួកគេបានបណ្តេញលោក Erik ten Hag ចេញពីតំណែង ហើយបានយកលោក Ruben Amorim មកជំនួសតំណែង ក៏ពួកគេនៅតែមិនទាន់ទទួលបានល្អគួរជាទីគាប់ប្រសើរដែរ ប៉ុន្តែលោក Nicky Butt ជឿជាក់ថា ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០ សម័យ គួរតែនាំចូលកីឡាករថ្មី ដូចជា Eberechi Eze ព្រោះគេនឹងអាចរួមចំណែកជួយឱ្យក្រុមទទួលបានភាពល្អប្រសើរមកវិញ។

ដកស្រង់ពាក្យសម្តីដើម លោក Nicky Butt បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ក្នុងនាមខ្ញុំជាអ្នកស្រលាញ់ Manchester United ម្នាក់ ខ្ញុំយល់ថាពួកគេមិនមានសិទ្ធទទួលបានពីព្រះក្នុងការឈ្នះពានរង្វាន់ឡើយ។ វាជាគម្រោងដ៏ធំមួយ។ ពួកគេបច្ចុប្បន្នមិនទាន់ទទួលបានកីឡាករ ១០ នាក់ពេញលេញនៅក្នុងរដូវក្តៅនេះ និងការប្រកួតប្រជែងនៅរដូវកាលក្រោយទេ...។ ដូច្នេះគ្រប់យ៉ាងគឺត្រូវការគម្រោង និងផែនការច្បាស់លាស់ ហើយវាក៏ត្រូវការពេលវេលាដែរ។ ពួកគេត្រូវតែចំណាយប្រាក់ ទោះជាត្រូវចំណាយលុយទិញកីឡាករកំពូលៗ ៤ ឬ៥នាក់ក៏ដោយ។
លោក Nicky Butt បានបន្ថែមទៀតថា៖
ក្មេងប្រុសនៅ Crystal Palace គេមានឈ្មោះថា Eze ប្រសិនបើប្រហែលកាលពីជាង ១០ ឆ្នាំមុនវិញ (ជំនាន់លោក Alex Ferguson) Man United នឹងដាក់សំណើដេញថ្លៃពី ៧០ លានផោនទៅ ៨០ លានផោន ដើម្បីទិញយកក្មេងប្រុសនោះបាត់ហើយ។ ពួកគេមិនអាចធ្វើវាបានឥឡូវនេះទេ ព្រោះពួកគេមិនមានអំណាច ហើយនោះជារឿងដ៏គួរឲ្យខ្លាចបំផុត។

ប្រភព៖ Sportskeeda